កងអាវុធហត្ថជាង ១ពាន់នាក់ ត្រូវបានត្រៀមសម្រាប់ទប់នឹងមហាបាតុកម្ម
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា កម្លាំងកងរាជអាវុធហត្ថប្រមាណ ១ ពាន់នាក់ ក្នុងឯកសណ្ឋានប្រឆាំងកុបកម្ម ត្រូវបានគេឃើញកំពុងតែហ្វឹកហ្វឺន នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាផ្នែកមួយ នៃការហ្វឹកហ្វឺន ដែលមន្រ្តីជាន់ខ្ពស់ បាននិយាយថា ត្រូវបានគេរៀបចំឡើង ដើម្បីត្រៀមទប់ទល់ទៅនឹងមហាបាតុកម្ម ដែលដឹកនាំដោយគណបក្សប្រឆាំង។

លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានបញ្ជាក់ថា «ប្រសិន បើមានមហាតវ៉ាពិតមែន ដូចដែលបក្សមួយ បានសន្យា យើងបារម្ភថា អំពើហិង្សានឹងផ្ទុះឡើង ដូច្នេះយើង ចង់ការពារ (មនុស្សគ្រប់ៗគ្នា) ហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ ក្លាយជាជនរងគ្រោះឡើយ»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលោក ទីតូ បន្តថា៖« តាមធម្មតា កងរាជអាវុធហត្ថរបស់យើង ស្ថិតនៅក្នុងបន្ទាយ ប៉ុន្តែយើង បានដាក់ពង្រាយពួកគេនៅតាមកន្លែងខ្លះៗ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ»។ លោក បានបញ្ជាក់ថា កងកម្លាំងទាំងនេះ តាមធម្មតា ត្រូវគេបញ្ជូនទៅទីណាក៏បាន នៅក្នុងប្រទេសដែលគេគិតថា «អស្ថិរភាព»។
ការហ្វឺកហ្វឺននេះ បានធ្វើឡើងបន្ទាប់ពីការចល័តទ័ព និងកងរាជអាវុធហត្ថក្នុង និងជុំវិញរាជធានីភ្នំពេញ ដែលនាំឲ្យមានពាក្យចរចាមអារ៉ាមថារដ្ឋាភិបាល កំពុងត្រៀមបង្ក្រាបយ៉ាងចាស់ដៃ ទៅលើការតវ៉ា។
រដ្ឋាភិបាល បានបញ្ជាក់ថា បក្សប្រឆាំង មានសិទ្ធិធ្វើបាតុកម្ម ប៉ុន្តែថា អំពើហិង្សាណាមួយ នឹងមិនត្រូវគេអត់ឱនឲ្យបានទេ ហើយថា គណបក្សសង្គ្រោះជាតិ នឹងត្រូវគេឲ្យទទួលខុសត្រូវជាបុគ្គល ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕ Cambodia News
