ជន​សង្ស័យ​ក្នុង​ឧក្រិដ្ឋកម្ម​ Nazi ​បាន​ស្លាប់​នៅ​អាយុ​៩៨​ឆ្នាំ

ទីក្រុង​Budapest៖ បុរស​ជនជាតិ​ហុងហ្គ្រី​អាយុ​៩៨​ឆ្នាំ​ ដែល​ជា​ជន​សង្ស័យ​នៃ​ឧក្រិដ្ឋ​កម្ម ​Nazi ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ នៅពេល​រង់ចាំ​ការ​ជំនុំ​ជម្រះ​ពីបទ​បញ្ជូន​ជន​ជាតិជ្វីស្ហ​ចំនួន​១​ម៉ឺន​៦​ ពាន់​នាក់​ទៅ​ជំរំ​មរណៈ។ ​បុរស​នេះ​មាន​ឈ្មោះ​នៅ​ផ្នែក​ខាងលើ​នៃ​បញ្ជី​ឈ្មោះ​ជន​សង្ស័យ​ឧក្រិដ្ឋ​ កម្ម Nazi​ ដែល​រលោះ​ម្តង​ម្នាក់ៗ​ សឹងតែ​អស់​ទៅ​ហើយ​នោះ។​
Stefan Boss រាយការណ៍ឲ្យវីអូអេ​ពី​ទីក្រុង ​Budapest​ មក​ថា ​មរណភាព​របស់​លោក​Laszlo​ Csatary ​ត្រូវ​គេ​ប្រកាស​កាលពី​ថ្ងៃច័ន្ទ។​

មេធាវី​របស់​លោក​ Laszlo Csatary ​បាន​និយាយ​ថា​ ជន​សង្ស័យ​ក្នុង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ Nazi​ នេះ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​កាលពី​ចុង​សប្តាហ៍​ ដោយ​សារ​ជំងឺ​រលាក​សួត។​ មរណ​ភាព​របស់​លោក​គឺ​ជា​ការ​ខាត​បង់​សម្រាប់​ដំណើរ​ការ​ស្វែងរក​ យុត្តិធម៌ដោយ​ជន​រងគ្រោះ​ដោយ​សារ​ឧក្រិដ្ឋ​កម្ម ​Nazi។​

លោក Csatary ​ត្រូវ​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​បញ្ជូន​ជនជាតិ​ជ្វីហ្វ​ដល់​ទៅ​១៥៧០០​នាក់​ចេញ​ពី ​ទីក្រុង​មួយ​ក្នុង​ប្រទេស​ស្លូវ៉ាគី​បច្ចុប្បន្ន​ទៅ​កាន់​ជំរំ​មរណៈ ​អំឡុង​សង្គ្រាម​លោក​លើក​ទី២។ ​ក្រោយ​ពី​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​កំបាំង​មុខ​ក្នុង​ឆ្នាំ​១៩៤៨ ​លោក​ Csatary​ ​បាន​ទៅ​ប្រទេស​កាណាដា ​ហើយ​បានរស់​នៅ​ និង​ធ្វើ​ជា​អ្នក​លក់​វត្ថុ​សិល្បៈ​ មុន​ពេល​លោក​ត្រូវ​ដក​សញ្ជាតិ​ក្នុង​ទសវត្សរ៍​១៩៩០។ ​

លោក​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ហុងហ្គ្រី​វិញ ​ហើយ​បាន​រស់​នៅ​ដោយ​សុខសាន្ត​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ។ ​រដ្ឋ​អាជ្ញា​ទើប​តែ​ចាប់ផ្តើម​ធ្វើការ​ស៊ើប​អង្កេត​ករណី​របស់លោក​ក្នុង​ចុង ​ឆ្នាំ​២០១១​ ក្រោយ​ពី​មាន​ការ​គាប​សង្កត់​ពី​មជ្ឈមណ្ឌល ​Simson Wiesenthal ​ដែល​តាម​រកមុខ​ឧក្រិដ្ឋ​ជន​ ​Nazi។ ​

ជាយថាហេតុ​ លោក​ Csatary​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ពាក់​ព័ន្ធ​នឹង​ការ​ជួយ​បញ្ជូន​ជន​ជាតិ​ជ្វីស្វ ​ក្នុង​ឆ្នាំ​១៩៤៤​ចេញ​ពី​តំបន់​ជនជាតិ​ភាគ​តិច​នៅ ​Kassa ​ដែល​បច្ចុប្បន្ន​នេះ​គេហៅ​ថា ​តំបន់​ Kosice ។​

អតីតមន្ត្រី​ប៉ូលិស​នេះ​ក៏ត្រូវ​សង្ស័យ​ថា ​បាន​វ៉ៃធ្វើ​បាប​សិក្ខាកាម​ជនជាតិ​ជ្វីស្ហ ​ដោយ​វ៉ៃ​នឹង​ដៃ ឬ​វ៉ៃ​នឹង​ខ្សែតី ​ដោយ​មិន​មាន​ហេតុផល​អ្វីសោះ​ ហើយ​មិន​គិត​ថា​ ជាស្រី​ ​ប្រុស​ ក្មេង​ ចាស់​ ឈឺ ​ឬ​ក៏​ជា​នោះ​ទេ។​

លោក​ Csatary ​ត្រូវ​ឃុំឃាំង​ក្នុង​ផ្ទះ​ក្នុង​ខែ​មិថុនា ​កាល​ពី​ឆ្នាំ​ទៅ​ ហើយ​សកម្មជន​សិទ្ធិ​មនុស្សបាន​ទាមទារ​ឲ្យ​តុលាការ​កាត់​ទោស​លោក។

នៅពេល​មនុស្ស​ជា​ច្រើន​ឈរ​ជាជួរ​ប្រទាក់​គ្នា ​ ពួកគេ​ទាំង​ក្មេង​ ទាំងចាស់​ស្រែក​នៅ​ក្រៅ​ផ្ទះ​របស់​លោក​នៅ​ទីក្រុង ​Budapest ​ថា ​ពួក​គេ​មិនអាច​ភ្លេច​បាន​ទេ។​
ជាយថាហេតុ​ តុលាការ​បាន​ផ្អាក​ការ​កាត់ទោស​លោក ​Csatary​ ដោយ​និយាយ​ថា​ លោក​ត្រូវ​កាត់​ទោស​រួច​ហើយ។​

ប៉ុន្តែ​អ្នក​តវ៉ា​ខ្លះ​សង្ស័យ​ថា​ ការ​កាត់ទោស​មនុស្ស​ចាស់​ដែល​ជរា​ជិត​ស្លាប់​នេះ​ធ្វើ​ឡើង​មិន​យុត្តិធម៌​ទេ។​

ប៉ុន្តែ​ Efraim ​Zuroff ​ ដែល​ជា​នាយក​ការិយាល័យ​នៅ​ Jerusalem ​នៃ​មជ្ឈមណ្ឌល ​Simson Wiesenthal ​ជឿថា​ ការ​ស្វែងរក​យុត្តិធម៌​ជា​រឿង​ដែល​ត្រូវ​ធ្វើ ​ហើយ​មិន​អាច​ថា ​ហួស​ពេល​នោះ​ទេ។​ អង្គការ​របស់​លោក​ចង់​បន្ត​តាម​រក​ជន​សង្ស័យ​ក្នុង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​Nazi ​រាប់​សិប​នាក់​ទៀត​ ដែល​នៅ​រស់​នៅ​ឡើយ។​

គាត់​និយាយថា៖​ «នៅពេល​អ្នកសម្លឹង​មើល​មនុស្ស​ ដូចជា​លោក​ Csatary ​ អ្នក​មិន​គិត​ថា ​ គាត់​ជា​មនុស្ស​ជរា​ទេ។​ អ្នក​គិត​អំពី​មនុស្ស​ម្នាក់​ដែល​មាន​កម្លាំង​មាំមួន​បំផុត ​ហើយ​ដែល​ប្រើ​ថាមពល​របស់​គាត់​ទាំងអស់​ប្រព្រឹត្ត​មហា​ឃាតកម្ម​សម្លាប់​ រង្គាល​ប្រជាជន​ស្លូត​ត្រង់។​ វ័យ​ចំណាស់​មិន​អាច​ជា​ហេតុផល​ការពារ​ជន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សាហាវ​ យង់ឃ្នង​បែប​នេះ​ទេ»។​

Zuroff និយាយ​ថា ​ជន​រងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ Nazi ​មិន​ដែល​មាន​ឱកាស​បាន​រស់​ដល់​ចាស់​ ជរា​ទេ ​ព្រោះ​ថា​ ពួកគេ​ត្រូវ​គេ​សម្លាប់​នៅ​ Auschwitz  ​និង​នៅជំរំ​មរណៈ​ផ្សេង​ទៀត។​
Csatary ​នៅតែ​ប្រកែក​រហូត​ដល់​ចុង​បញ្ចប់​នៃជីវិត​របស់​គាត់​ថា ​គាត់​មិន​មាន​កំហុស​ទេ។​ ករណី​របស់​លោក​ Csatary ​បាន​លាតត្រដាង​នៅ​ពេល​មាន​កង្វល់​លេច​ឡើង​ក្នុង​វិហារ​កាតូលិក​ដ៏​មាន​ ឥទ្ធិពល​មួយ​អំពី​មនោ​សញ្ចេតនា​ប្រឆាំង ​Semitism ​និយម​ក្នុង​ប្រទេស​ហុងហ្គ្រី​ ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ពួក ​Nazi ​អាល្លឺម៉ង់ ​អំឡុង​សង្គ្រាម​លោក​លើក​ទី២។​

លោក Peter Erdo ​បព្វជិត​ជាតិហុងហ្គ្រី​ បាន​លើកពី​ចំណុច​នេះ​ក្នុង​ការ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​ប្រចាំ​ឆ្នាំ​ របស់​អ្នក​រួចជីវិត​នៅ​ទីក្រុង​Budapest ​ដើម្បី​រំឭក​អំពី​មហា​ឧក្រិដ្ឋកម្ម ​Nazi ​ដែល​ក្នុង​នោះ​មាន​ជនជាតិ​ហុងហ្គ្រីដើម​កំណើត​ជ្វីស្ហ​៦០​ម៉ឺននាក់​នៅ​ ក្នុង​ចំណោម​ជនរង​គ្រោះ​ច្រើន​លាន​នាក់។​

ចម្ងល់​បាន​លេច​ឡើង​ថា ​ហេតុអ្វី​បាន​ជា​រដ្ឋអាជ្ញា​ចំណាយ​ពេល​យូរម៉្លេះ​ មុន​ចាប់​ផ្តើម​សំណុំ​រឿង​ប្រឆាំង​លោក ​Csatary​នេះ។​

លោក ​Peter Kreko ​នាយក​វិទ្យាស្ថាន​នយោបាយ​មូលធន​ Political Capital Institute​ នៅ​ទីក្រុង ​Budapest ​និយាយ​ថា ​ការ​ស្ទាក់ស្ទើរនោះគឺ​ដោយសារ​មាន​ការ​លំបាក​ខាង​ផ្លូវ​ច្បាប់។​ លោក​បាន​ប្រាប់​វីអូអេ​ថា​ អតីត​របប​កុម្មុយនិស្ត​នៅ​ប្រទេស​ហុងហ្គ្រី​និង​នៅ​កន្លែងផ្សេង​ទៀតនៅ​ អឺរ៉ុប​ខាងកើត​ បាន​ធ្វើឲ្យ​ប្រទេស​ទាំងនេះ​មិន​ហ៊ាន​ប្រឈម​នឹង​បញ្ហា​ប្រវត្តិ​សាស្ត្រ​ដែល ​ច្របូក​ច្របល់​នោះទេ។

លោក​Peter Kreko​ និយាយ​ថា៖​ «បើសង្គម​មួយមិនត្រូវ​បង្ខំ​ឲ្យ​ប្រឈម​នឹង​អតីត​កាល​៤០​ឆ្នាំ​កន្លង​មក​នោះ​ ទេ ​នោះ​ពេល​ក្រោយ​នឹង​មាន​ការ​លំបាក។ ​អំពើ​ក្នុង​អតីត​កាល​នៅ​ប្រទេសអាល្លឺម៉ងគឺ​ជា​លក្ខណៈ​ពិសេស​នៃ​បញ្ហា​ដែល​ ប្រទេស​អឺរ៉ុប​ខាង​កើត​ជាច្រើន​ប្រឈម​មុខ។​ ​នៅ​ប្រទេស ​Hungary ​មាន​ការ​បកស្រាយ​ជា​លក្ខណៈ​ពិសេស​  ហើយ​ខ្ញុំគិត​ថា​ វាក៏​មាន​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​ ដែល​បកស្រាយ​ថា៖​ «យើង​មិនមាន​តួនាទី​ក្នុង​មហា​ឧក្រិដ្ឋ​កម្ម Nazi ​ទេ ​គឺ​អាល្លឺម៉ង់​ ឬ​ចលនា ​Arrow Cross ​នៃ​ក្រុម​ជនជាតិ​ហុងហ្គ្រី​ ​ដែល​គាំទ្រ​ Nazi​ ​ទេ​ ដែលមាន​តួនាទី​នោះ»។​

អ្នក​វិភាគ​បន្ថែម​ថា​ អាជ្ញាធរ​ហុងហ្គ្រី​បាន​សហ​ការ​ខ្លាំងណាស់​ ក្នុង​មហា​ឧក្រិដ្ឋកម្ម Nazi ហើយ​បាន​ជួយ​យន្តការ​នេះ​ទាំងមូល។​ លោក​និយាយ​ថា ​មន្ត្រី​ Nazi​ ជាន់ខ្ពស់​ ដូចជា​លោក Adolf ​Eichmann​ បាន​សរសេរ​នៅ​ក្នុង​កូនសៀវភៅ​កំណត់ហេតុ​របស់​លោក​ថា   ​ហុងហ្គ្រី​គឺ​ជា​ប្រទេស​មួយ​ដែល​គាត់​ពេញចិត្ត ​ដោយ​សារតែ​ហុងហ្គ្រី​សហ​ប្រតិបត្តិការ​បាន​ល្អ​ក្នុង​ចលនា​គាំទ្រ​Nazi។​

លោក​Kreko ​បារម្ភថា​ ក្រុម​ជនជាតិ​ហុងហ្គ្រី​ស្តាំ​និយមជ្រុល​នឹង​ធ្វើឲ្យ​ផ្នូរ​របស់​លោក​ Csatary ​ក្លាយ​ជា​កន្លែង​អ្នក​ធ្វើធម្មយាត្រា។​ តែលោក​និយាយ​ថា ​ជនជាតិ​ហុងហ្គ្រី​ភាគច្រើន​បំផុត​យល់​ថា ​លោក​ Csatary​គឺ​ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម។​

ម៉្យាងទៀត ​ដោយសារ​ចំនួន​អ្នក​រួច​ជីវិត​ពី​ឧក្រិដ្ឋកម្ម​ Nazi ​និង​ពួក ​Nazi ​កាន់តែ​ថយ​ចុះ​យ៉ាង​ឆាប់​នោះ​ អ្នក​វិភាគ​និង​សហគមន៍​ជនជាតិជ្វស្ហ​បារម្ភ​ខ្លាច​មេរៀន​អំពី​មហា​ឧក្រិដ្ឋ​ កម្ម​នេះ​មិន​បាន​ធ្វើ​ឲ្យមនុស្ស​ជំនាន់​ក្រោយ​យល់​ដឹង​ឲ្យ​បាន​គ្រប់គ្រាន់ ​នោះ​ទេ៕ ​

ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ (VOA)

Related Articles

Back to top button
Close
Close