ក្រុមយុវជនសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សាទៅលើការតវ៉ារឿងដីធ្លី
នៅព្រឹកថ្ងៃទី០១ មិថុនា ២០១២នេះ ក្រុមយុវជន ក្នុងនាមជាប្រជាពលរដ្ឋដែលមានការឈឺឆ្អាលចំពោះការរំលោភសិទ្ធិមនុស្ស បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ដើម្បីប្រឆាំងចំពោះការប្រើហិង្សាថ្មីៗនេះ របស់អាជ្ញាធរទៅលើប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លី។
ការរៀបចំសន្និសីទសារព័ត៌មាននៅពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រើអំពីហិង្សាធ្ងន់ធ្ងរជាបន្តបន្ទាប់ ដូចជាការបង្រ្កាបអ្នកភូមិបុរីកីឡា ការបាញ់រះទៅលើប្រជាពលរដ្ឋនៅខេត្តក្រចេះដែលបណ្តាលឲ្យកុមារីហេង ចាន់ថាស្លាប់ ការចាប់ស្រ្តីអ្នកភូមិបឹងកក់ចំនួន១៥ នាក់ដាក់ពន្ធនាការព្រៃស ការឃាត់ខ្លួនព្រះតេជគុណ លួន សាវាត ដោយសារតែព្រះតេជគុណចូលរួមតវ៉ារឿងដីធ្លី និងការដុតបំផ្លាញផ្ទះ១៧០ខ្នងរបស់ប្រជាពលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្រុមយុវជនប្រឆាំងអំពើហិង្សានេះ បានប្រកាសឲ្យមានការជូយផ្តល់ស្នាមមេដៃ មុននឹងយកញាត្តិនេះ ទៅដាក់នៅស្ថាប័នរដ្ឋាភិបាលដើម្បីឲ្យបញ្ឈប់អំពើហិង្សាទៅលើប្រជាពលរដ្ឋតវ៉ាក្នុងរឿងដីធ្លី តាមរយៈដោះស្រាយទំនាស់ដោយសន្តិវិធី និងមានការដោះលែងអ្នកចាប់នៅក្នុងពន្ធនាគារ៕