សម រង្ស៊ី វិលមកកម្ពុជាវិញនៅថ្ងៃទី១៥ សីហា ស្អែកនេះ
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា នេះ លោកស្រីមួរ សុខហួ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបានអវត្តមានពីប្រទេសរយៈពេលជាងមួយសប្តាហ៍ដើម្បីទៅចូលរួម ពិធីការរបស់កូនស្រី នៅសហរដ្ឋអាមេរិក នឹងវិលចូលមកកម្ពុជាវិញនៅថ្ងៃទី ១៥ សីហាស្អែកនេះ ។
ការវិលមកកាន់កម្ពុជាវិញ របស់លោកសម រង្ស៊ី នៅពេលនេះបានកើតឡើងចំពេលដែលស្ថានការណ៍នយោបាយកំពុងឡើង កម្តៅខ្លាំង។
កាលពីថ្ងៃទី១១ សីហា ខណៈពេលដែលលោក សម រង្ស៊ី ស្ថិតនៅសហរដ្ឋអាមេរិក លោកបានព្រមានពីការធ្វើមហាបាតុកម្មប្រសិនបើក្រុមចម្រុះបច្ចេកទេស ដើម្បីអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត នៅ តែមានភាពចម្រូងចម្រាសមិនអាចស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋបាន។
ទាក់ទិននឹងការប្រកាសធ្វើបាតុកម្មនេះដែរ លោក ស្រី មួរ សុខហួរ បានបញ្ជាក់ថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ គឺផ្តល់យុត្តិធម៌ដល់អ្នក បោះឆ្នោត។ មន្ត្រីគណបក្សប្រឆាំងរូបនេះបានអះអាងថា បានរកឃើញភាពមិនប្រក្រតីប្រមាណជាង១ម៉ឺនករណីទាក់ទងនឹងការបាត់ឈ្មោះ អ្នក បោះឆ្នោត ដែលធ្វើឲ្យពួកគេមិនអាចបោះឆ្នោតជ្រើសរើសតំណាងរាស្ត្របាន។
គួររំលឹកថា គណបក្សប្រជាជនកម្ពុជា និងគណកប្សសង្គ្រោះជាតិ បានជួបចរចាគ្នាកាលពីសប្តាហ៍មុន ដើម្បីឈានទៅបង្កើតគណៈកម្មការចម្រុះដើម្បីដោះស្រាយភាពមិនប្រក្រតីនៃ ការបោះឆ្នោត តែរហូតមកដល់ពេលនេះ គណៈកម្មការចំពោះកិច្ចនេះ នៅទ្រឹងមិនមានការវិវត្តអ្វីទាំងអស់៕ នាង/Cambodia News