កម្ពុជា បញ្ជាក់ពីការពន្យារពេល កិច្ចសហប្រតិបត្តិការ ផ្នែកយោធាជាមួយអាម៉េរិក
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយកិច្ចការបរទេស របស់ ក្រសួងការពារជាតិ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែសីហានេះ ថា ការពន្យារពេលកិច្ចសហប្រតិបត្តិការ ផ្នែកយោធាជា មួយសហរដ្ឋអាម៉េរិកនេះ គឺដើម្បីសម្រួលស្ថានការណ៍មួយចំនួន ហើយក៏នឹងចាប់ផ្តើមវិញ នៅពេលវេលាជាក់ស្តែងសមស្របណាមួយ ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា «ការពន្យារនេះគឺវាមិនមានអ្វីប៉ះពាល់ដល់ការអភិវឌ្ឍន៍ សមត្ថភាពរបស់ក្រសួងការពារជាតិនោះឡើយ ។ យើងគ្រាន់តែធ្វើការពន្យារពេល កម្មវិធីមួយចំនួនជាមួយសហរដ្ឋអាម៉េរិកប៉ុណ្ណោះមិនមែនព្បូរ ឬក៏លុបចោលនោះទេ ពីព្រោះធនធាន និងលទ្ធភាពរបស់យើងគឺមានកម្រិត ដូច្នេះ យើងត្រូវការពេលវេលាច្រើនឡើង ដើម្បីត្រៀមខ្លួនឯងសម្រាប់កិច្ចសហប្រតិបត្តិការនេះ។
លោកបន្តថា សហរដ្ឋអាម៉េរិក ក៏តែងតែផ្តល់ជំនួយមួយចំនួន ដល់វិស័យការពារជាតិកម្ពុជា តាមរយៈសិក្ខា សាលាសមយុទ្ធរួមគ្នា និងសម្ភារៈយោធាជាច្រើនទៀត ក៏ប៉ុន្តែពុំបានបញ្ជាក់អំពីទំហំនៃទឹកប្រាក់នោះឡើយ៕ នាង/Cambodia News