ក្រុមឧទ្ទាម​អ៊ីស្លាម​ថៃ​គំរាម​ដកខ្លួន​ចេញពី​កិច្ចចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល

ក្រុមឧទ្ទាម ​អ៊ីស្លាម នៅ​ខេត្ត​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ​បាន​គំរាម​ដកខ្លួន​ចេញ​ពី​កិច្ចចរចា​ សន្តិភាព ជាមួយ​រដ្ឋាភិបាល​ក្រុង​បាងកក ដោយ​បាន​ចោទ​រដ្ឋាភិបាល​ថា​មិនបាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​ដែល​ពួកគេ​ទាម ទារ។ ការ​គំរាមដកខ្លួន​ពី​តុចរចា​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​អំពើ​ហិង្សា​ នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ កំពុង​តែ​កើតឡើង​ខ្លាំង។

នៅ ​ក្នុង​វីដេអូ​ចុះផ្សាយ​នៅលើ​វិបសៃត៍ Youtube ឧទ្ទាម​អ៊ីស្លាម​៣រូប​បាន​ប្រកាស​ថា ក្រុមឧទ្ទាម​ Barisan​ (Barisan Revolusi Nasional) អាច​នឹង​ដកខ្លួន​ចេញ​ពី​កិច្ចចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល ដោយចោទ​អាជ្ញាធរ​ក្រុងបាងកក​ថា បាន​និយាយ​ភុតកុហក និង​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រជាជន​នៅ​ប៉ាថានី។

ប៉ាថានី គឺ​ជា​ខេត្ត​មួយ ក្នុង​ចំណោម​ខេត្ត​ទាំង៣ នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ ដែល​ប្រឈមមុខ​នឹង​អំពើ​បះបោរ​របស់​ក្រុម​អ៊ីស្លាម​ទាមទារ​ផ្តាច់​ទឹកដី។ អំពើ​បះបោរ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ៥ ៧០០​នាក់ ចាប់តាំង​ពី​ឆ្នាំ​២០០៤​មក។

កាលពីពេលថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​បាងកក និង​ក្រុម​ឧទ្ទាម​អ៊ីស្លាម ដោយ​រួមមាន​ទាំង​ក្រុមឧទ្ទាម Barisan ផងដែរ​នោះ បាន​យល់ព្រម​បើ​ក​កិច្ចចរចា​សន្តិភាព ហើយ​កិច្ចចរចានេះ ក៏​ធ្លាប់​បាន​បើក​ធ្វើ​ជាច្រើន​ដងរួចមកហើយ​ដែរ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ បទឈប់បាញ់​មួយ​ក៏​ត្រូវ​បាន​ព្រមព្រៀង​គ្នា រវាង​រដ្ឋាភិបាល​ថៃ និង​ក្រុម​ឧទ្ទាម ដោយ​បទឈប់បាញ់​នេះ​ត្រូវ​មាន​សុពលភាព​ ពី​ថ្ងៃទី១០ កក្កដា ដល់ ១៨​សីហា ពោលគឺ ក្នុង​អំឡុង​រដូវ​បួស​នៃ​អ៊ីស្លាម (Ramadan)។​ ក៏ប៉ុន្តែ បទឈប់បាញ់​នេះ​មាន​ប្រសិទ្ធិ​ភាព​បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ក្រុម​ឧទ្ទាម​បាន​ចាប់ផ្តើម​បើក​ការ​វាយប្រហារ​ឡើងវិញ ដោយ​គិត​ជា​សរុប​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២៩នាក់ ក្នុង​អំឡុង​រដូវ​បួសអ៊ីស្លាម​នេះ។

នៅ​ក្នុង​វីដេអូ ក្រុម​ឧទ្ទាម​បាន​ចោទ​អាជ្ញាធរ​ថៃ​ថា​មិនបាន​គោរព​ទៅតាម​លក្ខខណ្ឌ​នៃ​ កិច្ចចរចា ក៏ប៉ុន្តែ ពួកគេ​មិនបាន​បញ្ជាក់​លម្អិត​ថា តើ​លក្ខខណ្ឌ​ទាំងនោះ​ជា​អ្វី​ខ្លះ​ទេ។ ក៏ប៉ុន្តែ មន្រ្តីរដ្ឋាភិបាល​ថៃ​ដែល​បានចូលរួម​ក្នុង​ការចរចា​ជាមួយ​ក្រុម​ឧទ្ទាម​បាន​ ឲ្យដឹង​ថា ក្រុម​ឧទ្ទាម​ Barisan ធ្លាប់​បាន​ទាមទារ​ឲ្យ​រដ្ឋាភិ បាល​ថៃ​ដោះលែង​​ក្រុមឧទ្ទាម​ដែល​កំពុង​ជាប់​ ឃុំ និង​ទទួលស្គាល់​ពួកគេ​ថា​ជា​ចលនា​រំដោះទឹកដី។

ទោះជាយ៉ាងណា អាជ្ញាធរ​ថៃ​បាន​អះអាង​ថា គេ​មិន​គួរ​ផ្តល់​សារៈសំខាន់​ខ្លាំង​ពេកទេ ចំពោះ​ការ​គំរាម​របស់​ឧទ្ទាម​ទាំង៣រូប​តាម​វីដេអូ ដែល​ចុះផ្សាយ​តាម​អ៊ីនធ័រនែត​នេះ។ ឧត្តមសេនីយ៍​ នីផាត ថុងឡេក (Nipat Thonglek) ដែល​ជា​ប្រមុខដឹកនាំ​ចរចា ខាង​ភាគី​រដ្ឋាភិបាល​ថៃ​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ឧទ្ទាម​ដែល​នៅ​ក្នុង​ខ្សែវីដេអូនេះ ទំនង​ជា​ស្ថិត​ក្នុង​ក្រុមឧទ្ទាម Barisan ដែរ ក៏ប៉ុន្តែ ជាក្រុម​ដែល​ជំទាស់​មិន​ចង់​ឲ្យ​ Barisan ចរចា​ជាមួយ​រដ្ឋាភិបាល។

បើពិតដូច​ការអះអាង​របស់​ឧត្តមសេនីយ៍​ថៃ​នេះ​មែន ការចរចា​រវាង​រដ្ឋាភិបាល​ក្រុង​បាងកក និង​ក្រុមឧទ្ទាម Barisan អាច​នឹង​បន្ត​ធ្វើ ក៏ប៉ុន្តែ អំពើ​ហិង្សា​នៅ​ប៉ែកខាង​ត្បូង​ក៏​ប្រហែល​ជា​នឹង​ត្រូវ​បន្ត​កើតមាន​ដែរ គឺ​អំពើ​ហិង្សា ដែល​បង្ក​ឡើង​ដោយ​ក្រុមឧទ្ទាម ដែល​ជំទាស់​នឹង​ការចរចា​នេះ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close