សហគ្រាសកូរ៉េខាងត្បូងបាតុកម្មទាមទារអោយបើកតំបន់ឧស្សាហកម្ម Kaesong
នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ ប្រធានសហគ្រាសកូរ៉េខាងត្បូងរាប់រយនាក់ បានជួបជុំគ្នាធ្វើបាតុកម្ម នៅជិតព្រំដែនជាមួយកូរ៉េខាងជើង ទាមទារអោយក្រុងព្យុងយ៉ាងបើកដំណើរការតំបន់ឧស្សាហ កម្មរួម កែស៊ុង ឡើងវិញ។ កិច្ចចរចាចុងក្រោយ ស្តីពីតំបន់ឧស្សាហកម្មកែស៊ុង រវាងប្រទេសទាំងពីរ បានជួបបរាជ័យ ដោយសារតែប្រទេសកូរ៉េទាំងពីរចោទគ្នាទៅវិញទៅមកថា ជាអ្នកបង្កអោយតំបន់ឧស្សាហកម្មកែស៊ុង បិទទ្វារ។
នៅជិតព្រំប្រទល់ជាមួយកូរ៉េខាងជើង នៅថ្ងៃពុធនេះ ប្រធានសហគ្រាសកូរ៉េខាងត្បូងប្រមាណ៥០០នាក់ បានបាតុកម្មទាមទារអោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង យល់ព្រមតាមសំណើក្រុងសេអ៊ូល ដោយបើកទ្វារដំណើរការតំបន់ឧស្សាហកម្មរួម កែស៊ុង ឡើងវិញ។ ប្រធានសហគ្រាសទាំងនេះ សុំអោយក្រុងព្យុងយ៉ាងសន្យាថា នឹងមិនបិទទ្វារតំបន់នេះទៀតទេ ទោះជាមានស្ថានភាពអ្វីកើតឡើងក៏ដោយ។ ទន្ទឹមនេះដែរ ពួកគេក៏បានសុំអោយរដ្ឋាភិបាលកូរ៉េខាងត្បូង បន្ទន់ឥរិយាបថក្នុងកិច្ចពិភាក្សាជាមួយដៃគូកូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា តំបន់ឧស្សាហកម្មកែស៊ុង ជាតំបន់តំណាងការទូតរវាងបងប្អូនកូរ៉េទាំងពីរ ស្ថិតក្នុងទឹកដីកូរ៉េខាងជើង ចំងាយជាង១០គីឡូម៉ែត្រពីព្រំប្រទល់រវាងកូរ៉េទាំងពីរ។ តំបន់នេះបានបិទទ្វារ កាលពីខែមេសា បន្ទាប់ពីនយោបាយឧបទ្វីបកូរ៉េជួបភាពតានតឹង ដែលបង្កឡើងដោយការសាកល្បងនុយក្លេអ៊ែរលើកទីបី របស់ក្រុងព្យុងយ៉ាង។ ចាប់ពីពេលបិទទ្វារមក សហគ្រាសកូរ៉េខាងត្បូងបាត់បង់ប្រាក់ចំណូលប្រមាណជាងមួយពាន់លាន ដុល្លារ។
រដ្ឋាភិបាលក្រុងសេអ៊ូល ត្រៀមខ្លួនសងប្រាក់កាសដល់សហគ្រាសខ្លួន ចំនួន១២៣ ដែលធ្លាប់ដំណើរការនៅតំបន់កែស៊ុង។ នេះសបញ្ជាក់ថា កូរ៉េខាងត្បូងគ្មានសង្ឃឹមថា តំបន់កែស៊ុងនឹងបើកដំណើរការឡើងវិញនោះទេ។
គួររំលឹកថា កិច្ចចរចារវាងកូរ៉េទាំងពីរស្តីពីតំបន់កែស៊ុងនេះ កន្លងមក តែងជួបបរាជ័យ។ កូរ៉េទាំងពីរតែងចោទគ្នាទៅវិញទៅមកថា ជាអ្នកបង្កការបិទទ្វារតំបន់ឧស្សាហកម្មនេះ។ ហើយកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងវិនិយោគតំបន់នេះឡើងវិញ ប្រសិនបើការចរចាដាច់ស្រេច ជាមួយកូរ៉េខាងត្បូងត្រូវបរាជ័យ៕ដោយ ព្រំ សឿន សូលីណា (RFI)