គណបក្សប្រជាជន នឹងបង្កើតក្រុមការងារ ចរចាជាមួយបក្សប្រឆាំង
ភ្នំពេញ៖ ថ្លែងនៅក្នុងពេលចុះទៅពិនិត្យការដ្ឋានសាងសង់ស្ពានអាកាស ស្ទឹងមានជ័យ នារសៀលថ្ងៃទី៣១ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមអ្នកកាសែតថា គណបក្សប្រជាជនកម្ពុជា ដែលឈ្នះការបោះឆ្នោត បានបង្កើតក្រុមការងារមួយ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក សុខ អាន និងលោក សាយ ឈុំ ដើម្បីចរចា សម្របសម្រួលជាមួយលោកសមរង្ស៊ី និងលោក កឹមសុខា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា ក្រុមការងារនោះ នឹងសម្របសម្រួលជាមួយគណបក្សប្រឆាំង ដើម្បីសម្របសម្រួលលើក្បាលម៉ាស៊ីនដឹកនាំនៅក្នុងរដ្ឋសភា។
ជាមួយគ្នានោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានបដិសេធនឹងដំណឹងដែលគេផ្សព្វផ្សាយក្នុងហ្វេសប៊ុក ដែលថា លោកបានចាកចេញទៅក្រៅប្រទេស ហើយថា មានយោធាទៅឡោមព័ទ្ធផ្ទះសម្តេច ដើម្បីចាប់ឃុំខ្លួនសម្តេច ជាដើមនោះ គឺជាការមិនពិតទេ។
ចំពោះលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា អ្នកណាឈ្នះ ហើយអ្នកណាចាញ់ គឺមិនសំខាន់ទេ។ សំខាន់ គឺកុំឲ្យជាតិបែកបាក់៕ Cambodia News