ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​សូមឱ្យតុលាការដោះលែង​ពលរដ្ឋបឹងកក់១៣នាក់

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សូមឱ្យ​តុលាការ​រាជធានី​ភ្នំពេញលើកលែងទោស និង​ដោះលែង​ប្រជា​ពលរដ្ឋ​បឹងកក់​ទាំង ១៣​នាក់ ឱ្យមាន​សេរីភាព ហើយ​សូមឲ្យ​​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​​ការ​ដោះស្រាយ​ដោយ​សន្ដិវិធី (​ច្បាប់​) មិនត្រូវ​ប្រើ​កម្លាំងប្រដាប់អាវុធមក​​ដោះស្រាយ​សម្រាប់​ប្រជារាស្ត្រ​ស្លូតត្រង់​នោះទេ​។

សេចក្តីថ្លែងការណ៍ របស់​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​២៥ ​ឧសភា ​​២០១២ បាន​លើកឡើងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ មកលើ​ប្រជា​ពលរដ្ឋ​ខ្លួនឯង ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ទៅវិញ ហើយ​ការដឹកនាំ​ដែល​ជ្រើស​រើសយក​វិធី​ដោះស្រាយ តាម​កម្លាំងប្រដាប់អាវុធ​បែបនេះ មានន័យថា អ្នកដឹកនាំ​កម្ពុជា កំពុង​បោះជំហាន​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ ដើម្បី​ជា​យន្តការ​ដោះស្រាយ​ជូន​ប្រជារាស្ត្រ​ស្លូតត្រង់​។​
​ ​
​សូមបញ្ជាក់ថា ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទា​ទោស​ស្ត្រី ១២​នាក់ ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពីរ​ឆ្នាំកន្លះ តែ​អនុវត្ត​ក្នុង​ពន្ធនាគា​រយៈពេល​ពីរ​ឆ្នាំ ពីបទ ចូលកាន់​កាប់​អចលនវត្ថុ​នីតិបុគ្គល​សាធារណៈ និង​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ និង​ស្ត្រី​ចំណាស់​វ័យ ៧២​ឆ្នាំ ម្នាក់ ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំកន្លះ តែ​អនុវត្ត​ក្នុង​ពន្ធនាគា​រយៈពេល​មួយឆ្នាំ ពីបទ​ចោទប្រកាន់​ខាង​លើ​នេះ​៕

Related Articles

Back to top button
Close
Close