លោក សម រង្ស៊ី អំពាវនាវឲ្យមាន ភាពស្ងប់ស្ងាត់
ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំង (គណបក្សសង្រ្គោះជាតិ) បានចេញសេចក្តីថ្លែងការ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ដោយសូមឲ្យអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិទាំងអស់ រក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីពួកគេបានបោះឆ្នោតគាំទ្រ គណបក្សសង្រ្គោះជាតិ។
ការចេញសេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី បានកើតឡើងភ្លាមៗ ខណៈដែលមានក្រុមមនុស្សជាច្រើន ដែលគេវិភាគមាននិន្នាការគាំទ្រគណបក្សសង្រ្គោះជាតិ បានមានការប៉ះទង្គិចជាមួយមន្រ្តី គ.ជ.ប និងកងរាជអាវុធ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សម រង្ស៊ី បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា «គណបក្សសង្រ្គោះជាតិ សូមអំពាវនាវដល់បងប្អូន ជនរួមជាតិទាំងអស់ មេត្តារក្សាភាពស្ងប់ស្ងៀមរង់ចាំទទួលលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្នុងរយៈពេលដ៏ខ្លីខាង មុខនេះ និងសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ មេត្តាជៀសវាងនូវការប្រើអំពើហិង្សា និងការបង្កបញ្ហាណាមួយ ដែលនាំឲ្យមានចលាចលនៅក្នុងសង្គម»៕