ប៉ូ ស៊ីឡាយ អតីតមេដឹកនាំទីក្រុងស្វយ័ត Chongqing ជាប់ពិរុទ្ធជាផ្លូវការ
នៅប្រទេសចិន នៅទីបំផុត លោក ប៉ូ ស៊ីឡាយ អតីតមេដឹកនាំទីក្រុងស្វយ័ត Chongqing នៃគណបក្សកុំម្មុយនិស្តចិន ដែលបានដកហូតពីតំណែង កាលពីឆ្នាំ២១០២ នោះ បានជាប់ពិរុទ្ធជាផ្លូវការហើយ។ នេះបើយោងតាមសារព័ត៌មានឈ្មោះចិនថ្មី ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ លោក ប៉ូ ស៊ីឡាយ ជាប់ចោទពីបទពុករលួយ សូកប៉ាន់ និងបំពានអំណាច។ សវនាការកាត់ទោសរូបលោក ប្រហែលជាអាចនឹងបើកធ្វើនៅពេលពាក់កណ្តាលខែសីហា រឺក៏ចុងខែសីហាខាងមុខនេះ។
សវនាការ កាត់ទោសលោក ប៉ូ ស៊ីឡាយ មេដឹកនាំទីក្រុងស្វយ័ត Chongqing គណបក្សកុំម្មុយនិស្តចិន ដែលគេដកហូតពីតំណែង កាលពីឆ្នាំ២១០២ នោះ គឺជាសវនាការដែលគេទន្ទឹងចាំជាយូរណាស់មកហើយ នៅប្រទេសចិន។ ការប្រកាសចោទរូបលោក ប៉ូ ជាផ្លូវការ ធ្វើឡើងចំពេលដែលមេដឹកនាំចិននានា ទើបតែបាននាំគ្នាដំឡើងសរសៃក នាប៉ុន្មានខែចុងក្រោយនេះ បង្ហាញគោលជំហរប្រឆាំងអំពើពុករលួយ។
យោងតាមឯកសារចោទប្រកាន់ អតីតមេដឹកនាំទីក្រុងស្វយ័ត Chongqing រូបនេះ បានឆ្លៀតកេងចំណេញពីបុណ្យសក្តិខ្លួន ស្វែងរកប្រយោជន៍អោយបក្សពួកខ្លួន។ ប៉ូ ស៊ីឡាយ បានទទួលសំណូកជាប្រាក់ កាសលើសលុប និងជាកម្មសិទ្ធិអចលនវត្ថុជាច្រើន ហើយថែមទាំងបានបំពានអំណាច គៃបំបាត់ថវិការដ្ឋចិនទៀតផង។
សវនាការកាត់ទោសលោក ប៉ូ នឹងបើកធ្វើនៅក្រុងជីណាន ខេត្ត Shandong ភាគខាងលិចប្រទេសចិន។ គេវាយតំលៃថា កន្លែងកាត់ក្តីនេះ គ្មាននិន្នាការនយោបាយលំអៀងទៅខាងណានោះឡើយ។ ក្រុងជីណានស្ថិតនៅឆ្ងាយពី ក្រុងChongqing ដែលលោក ស៊ីឡាយធ្លាប់កាន់កាប់ ហើយក៏ឆ្ងាយពីក្រុងនយោបាយប៉េកាំងផងដែរ។
គេខានឃើញមុខលោក ប៉ូ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ លោកត្រូវបានគេឃុំទុកនៅកន្លែងសំងាត់មួយ។ គួររំលឹកថា លោកប៉ូ ស៊ីឡាយជាសមាជិកសំខាន់មួយរូប ក្នុងចំណោមសមាជិកសំខាន់ទាំង២៥ នៅការិយាល័យនយោបាយគណបក្សកុំម្មុយនិស្តចិន មុននឹងលោកស៊ី ជិនពីង ឡើងគ្រប់គ្រងគណបក្សនេះ។ លោកប៉ូ ត្រូវបានគេដកហូតពីដំណែង និងបណ្តេញចេញពីគណៈកម្មាធិការកណ្តាលគណបក្ស កាលពីដើមឆ្នាំ២០១២ បន្ទាប់ពីមានរឿងអាស្រូវពុករលួយ និងបទឧក្រិដ្ឋទាក់ទងការធ្វើឃាតពាណិជ្ជករអង់គ្លេសមួយរូប ដែលប្រពន្ធលោកមានការពាក់ព័ន្ធផ្ទាល់តែម្តង៕ដោយ ព្រំ សឿន សូលីណា(RFI)