​យុវជនប្រតិកម្មរហ័ស​ក្រុងភ្នំពេញចូលរួមវគ្គ​បំប៉នពិសេសលើ​សមត្ថភាពព័ត៌មាន

ក្រុមការងារ​យុវជន​ប្រតិកម្ម​រហ័ស​រាជធានី ប្រមាណ ៥០០ នាក់ ត្រូវបាន​បំប៉ន​លើ​សមត្ថ​ភាព​ព័ត៌មាន តាមរយៈ​ការចូលរួម​វគ្គ​បំប៉ន​ពិសេស ដើម្បី​ពង្រឹង​ការងារ​បន្ថែម លើ​ការងារ​តាមដាន ការប្រមូល ការសរសេរ និង​ការបញ្ចេញ​ព័ត៌មាន នៅតាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងសង្គម​កម្ពុជា កាលពី​ថ្ងៃទី​២១ ​ឧសភា ​​២០១២ នៅ​រាជធានី​ភ្នំពេញ​។​

អភិបាលរង​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​​លើក​​​​ឡើងថា យុវជន​ត្រូវ​យក​ចិត្ត​ទុកដាក់ ក្នុងការ​ចាប់យក​ចំណេះ​ដឹង​បន្ថែម​ឲ្យ​បានច្បាស់លាស់ ហើយ​ត្រូវបំពេញ​តួនាទី​របស់ខ្លួន នៅក្នុង​សកម្មភាព​បម្រើ​ផលប្រយោជន៍​លើ​វិស័យ​ព័ត៌មាន ដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​ការពារ​នូវ​សមិទ្ធផល និង​សន្ដិភាព ដែល​សម្រេចបាន​។​

លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ពត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​និយាយ​ថា ការចែករំលែក​នូវ​ការយល់ដឹង និង​បទពិសោធន៍​ការងារ​ថ្មីៗ បន្ថែម​ដល់​ក្រុមយុវជន ក្នុង​ការយកទៅ​ប្រើប្រាស់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ជាក់ស្ដែង​នៅក្នុង​សង្គម​។​

លោក​បាន​បន្ត​ថា យុវជន​ទាំងអស់​ត្រូវ​ក្ដាប់​ព័ត៌មាន និង​បញ្ចេញ​ព័ត៌មាន​ឲ្យ​បាន​លឿន​ប្រកប​​ដោយ​ប្រសិទ្ធភាព សម្រាប់​បកស្រាយ​ពន្យល់​ដល់​សាធារណជន​ឲ្យ​បានដឹង ហើយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ជាពិសេស​ក្រុមយុវជន​ត្រូវ​ទទួល​ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​យកមក​បកស្រាយ​ពន្យល់​ទៅ​ប្រជាពលរដ្ឋ អំពី​ការពិត​នៃ​សភាពការណ៍ ស្របតាម​ការយល់ដឹង និង​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​៕

Related Articles

Back to top button
Close
Close