ក្រុមឧទ្ទាម​ស៊ីរី​ត្រៀម​វាយលុក​យក​ក្រុង​និង​ខេត្ត​អាឡេប​ តាម​សំណូមពរ​អារ៉ាប៊ី​ សាអ៊ូឌីត​

យោងតាម​ប្រភព​ព័ត៌មាន​​មិន​បញ្ចញ​ឈ្មោះ​ មួយ​ នៃ​ក្រុម​ប្រឆាំង​ស៊ីរី ក្រុម​ឧទ្ទាម​ស៊ីរី​កំពុង​ត្រៀម​ខ្លួន ដើម្បី​វាយលុក​ដណ្តើម​យក​ទីក្រុង​និង​ខេត្ត​អាឡេប​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ស៊ីរី ពី​កងទ័ព​ប្រធានាធិបតី​អាសាដ។ ការ​វាយលុក​នេះ គឺ​ធ្វើឡើង​ទៅ​តាម​សំណូមពរ​របស់​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត។ គួរ​បញ្ជាក់​ថា ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ គឺ​ជា​ប្រទេស​ដែល​គាំទ្រ​​​​​សម្ព័ន្ធ​​​ប្រឆាំង​ស៊ីរី។

អារ៉ាប៊ី សាអ៊ូឌីត គឺ​​ជា​​ប្រទេស​ដែល​ធ្វើ​សំណូមពរ​ដល់​ក្រុមឧទ្ទាម​​ស៊ីរី អោយ​​វាយលុក​​ ដណ្តើម​​ពីកណ្តាប់​ដៃ​​កងទ័ព​ប្រធានាធិបតី​អាសាដ នូវ​​ទីក្រុង​និង​ខេត្ត​ អាឡេប​ ដែល​ជា​ទី​កន្លែង​សេដ្ឋកិច្ច​សំខាន់​មួយ​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ស៊ីរី។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​​មិន​បញ្ចញ​ឈ្មោះ​មួយ​ នៃ​ក្រុម​ប្រឆាំង​ស៊ីរី។ ជារៀង​រាល់​ថ្ងៃ អារ៉ាប៊ី សាអ៊ូឌីត​ បាន​បញ្ជូន​​​អាវុធ​និង​គ្រឿង​រំសេវ​ផ្សេងៗ ដល់​ ក្រុម​ឧទ្ទាម​ ដើម្បី​ត្រៀម​ធ្វើការ​វាយលុក​យក​​ខេត្ត​អាឡេប។​ ដោយឡែក យោងតាម​ប្រភព​ព័ត៌មាន​ដែល​គាំទ្រ​​​រដ្ឋាភិបាល​ស៊ីរី​វិញ កងទ័ព​​ស៊ីរី​កំពុង​​ត្រៀម​​​ការពារ​ខ្លួនយ៉ាង​ប្រុង​ប្រយ័ត្ន​​ ព្រោះ​​កងទ័ព​​​ខ្វះខាត​កម្លាំង​ដើម្បី​វាយ​ប្រហារ។

កាល​ពី​ថ្ងៃ​ ចន្ទ នៅ​ភាគ​ខាង​លិច​ក្រុង​អាឡេប ក្រុមឧទ្ទាម​​​បានទទួល​ជោគជ័យ​ក្នុង​ការ​​វាយ​ដណ្តើម​​ក្រុង​ខាន់ អាល់អាសាល់ ដែល​ជា​កំពែង​ការពារ​របស់​រដ្ឋាភិបាល​ស៊ីរី​ ដោយ​ជោគជ័យ។ ហើយ​​ជំហាន​បន្ត​ទៅ​​​នេះ ក្រុម​ឧទ្ទាម​ចង់​ដណ្តើម​យក​បណ្ឌិត​សភា​​​អាសាដ ស្ថិត​នៅ​ច្រកចូល​ខាងត្បូង​ក្រុង​អាឡេប ចំងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​​​ក្រុង​ ខាន់ អាល់អាសាល់។ យោងតាម​ក្រុមសង្កេតការណ៍​​សិទ្ធិ​មនុស្ស​ បណ្ឌិត​សភា​មួយ​នេះ ជា​កន្លែង​ដែល​យោធា​ធ្វើ​ប្រតិបត្តិការ។​

​ដោយឡែក អំពើ​ហិង្សា​នៅ​តែ​បន្ត​មាន​ក្នុង​ប្រទេស។ កាលពី​ថ្ងៃ​អង្គារ​ នៅ​ក្រុង​ណាវ៉ា ភាគខាងត្បូង​ស៊ីរី ជិត​ព្រំដែន​ប្រទេស​ហ្សកដានី ការ​បាញ់ប្រហារ​នានា​តាម​ផ្លូវ​អាកាស​ បាន​សម្លាប់​មនុស្ស​ ​២២​នាក់ ភាគច្រើន​ជា​ជន​ស៊ីវិល។ ​នៅ​​ភាគ​ពាយព្យ​​​វិញ​​ ​ការវាយប្រហារ​​​​​រវាង​ជនជាតិ​ភាគតិច​Kurde និង​​ក្រុម​ឧទ្ទាម​ជីហាដ​ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៧​នាក់ ភាគច្រើន​ជា​​សកម្ម​ជន​ឧទ្ទាម។ នៅ​ទីនោះ ជនជាតិ​ភាគតិច​​​ Kurde ចង់​បង្កើត​តំបន់​ស្វ័យយត​មួយ។​

ដោយឡែក ​នៅ​ថ្ងៃ​ពុធ​នេះ​​ អ្នកទទួល​ខុសត្រូវ​អង្គការ​សហប្រជាជាតិ​ពីររូប​​ បាន​​មក​ដល់​ក្រុង​ដាម៉ាស​ ដើម្បី​ពិភាក្សា​​ជាមួយ​រដ្ឋាភិបាល​ស៊ីរី ​ស្តីពី​ការ​​ចូលទៅ​កាន់​តំបន់​វាយប្រហារ​​ដែល​អាច​មាន​​​ប្រើអាវុធ​គីមី។ កងទ័ព​លោក​អាសាដ និង​ក្រុម​ឧទ្ទាម​តែង​ចោទ​គ្នា​ទៅវិញ​ទៅ​មក​ថា បាន​​ប្រើ​អាវុធ​ជាតិ​គីមី​ក្នុង​ការ​វាយប្រហារ​កន្លងមក៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close