គ.ជ.ប. ព្រមានវិទ្យុ ABC ឲ្យបញ្ឈប់ នូវការផ្សាយមានចរិតញុះញង់ និងបំភិតបំភ័យ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានព្រមានចំពោះស្ថានីយវិទ្យុ ABC FM 107.5 MHz ឲ្យបញ្ឈប់ការផ្សាយព័ត៌មានទាំងឡាយណា ដែលមានចរិតញុះញង់ បំភិតបំភ័យអ្នកបោះឆ្នោត ដែលជាការបំពុលបរិយាកាស អំពីការបោះឆ្នោត ចាប់ពីពេលនេះជាបន្ទាន់។
ការព្រមាននេះ បានត្រូវធ្វើឡើង តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ របស់លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលផ្ញើជូនចំពោះលោកនាយកស្ថានីយវិទ្យុ ABC FM 107.5 MHz។
គ. ជ.ប. បានធ្វើការតាមដានលើការផ្សព្វផ្សាយរបស់វិទ្យុ ABC FM 107.5 MHz ឃើញថា បានផ្សព្វផ្សាយរំលោភទៅនឹងច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងគោលការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
មន្ត្រី គ.ជ.ប. បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីឲ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបែបនេះ ប៉ុន្តែវិទ្យុនេះ នៅតែធ្វើការផ្សព្វផ្សាយដដែល ហេតុនេះ គ.ជ.ប. ព្រមានដល់ស្ថានីយវិទ្យុ ABC FM 107.5 MHz ឲ្យបញ្ឈប់ជាបន្ទាន់ នូវការផ្សាយដែលមានចរិតញុះញង់ បំភិតបំភ័យអ្នកបោះឆ្នោត ដែលជាការបំពុលបរិយាកាសអំពីការបោះឆ្នោត ចាប់ពីពេលនេះជាបន្ទាន់។
បើនៅតែបន្តផ្សាយព័ត៌មានបែបនេះទៀត គ.ជ.ប. នឹងស្នើទៅក្រសួងព័ត៌មាន ឲ្យផ្អាកការផ្សាយរបស់ស្ថានីយវិទ្យុនេះជាបណ្តោះអាសន្ន៕ Cambodia News