សម្តេចធិបតី ៖សន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម គឺជាកត្តាធំបំផុត ដែលកម្ពុជាត្រូវតែមាន

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖  ក្នុងឱកាសអញ្ជើញ​ ប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម គឺជាកត្តាធំបំផុត ដែលកម្ពុជា ។

ក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងថា ដើម្បីឱ្យសម្រេចបានគោលដៅ ដើម្បី​ឱ្យ​ប្រទេសកម្ពុជា ឈានឆ្ពោះទៅចាប់នូវគោលដៅឆ្នាំ២០៥០ កាតព្វកិច្ច និងភារកិច្ចរបស់រាជរដ្ឋាភិបាល មានដូចជា ទី១.ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម ទី២. រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទី៣. គាំទ្រដល់ប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារ តាមរយៈការធានា នូវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តដែលមានប្រសិទ្ធភាពច្បាស់លាស់ តម្លាភាព ទី៤.ដាក់ចេញ នូវក្របខណ្ឌគោលនយោបាយ ដែលផ្តល់ការលើកទឹកចិត្តផ្សេងៗ ដល់វិស័យឯកជន ទី៥. វិនិយោគិនទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង និងទី៦.វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំខាន់ៗ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាដើម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍គូសបញ្ជាក់ថា«ក្នុងរយៈពេលជាង៨ខែនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តថែរក្សានូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម ដែលនេះគឺជាកត្តាធំបំផុត ដែលកម្ពុជា ត្រូវតែមាន ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្រ្ត ៥០០ឆ្នាំ បែក​បាក់ និងខ្ទេចខ្ទាំ ដូច្នេះការធានាដាច់ខាត នូវសុខសន្តិភាព ការពារឱ្យខានដាច់ខាត នូវការឯករាជ្យជាតិ គឺជាកត្តាចាំបាច់ ដែលរាជរដ្ឋាភិបាល បានដាក់ទិសដៅតាំងពីថ្ងៃទី១ ហើយមកដល់ម៉ោងនេះ យើងបានសម្រេច ទទួលបានលទ្ធផលនេះ នឹងបន្តថែរក្សាទៅទៀត នេះជាការចាំបាច់»។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ពាក់ព័ន្ធទៅនឹងស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល បានបន្តជំរុញកំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២៣ ដោយសេដ្ឋកិច្ចកម្ពុជា បានកើនក្នុងរង្វង់៥% ហើយព្យាករណ៍ទៅមុខទៀត គឺនឹងបន្តកាន់តែខ្ពស់ ។ នៅក្នុងការរីកចម្រើននេះ បង្ហាញថា កម្ពុជា និងកាន់តែមានសក្តានុពលធំបន្ថែមទៀត និងឱកាសច្រើនបន្ថែមទៀត សម្រាប់វិនិយោគទាំង ក្នុងនិងក្រៅប្រទេស”៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close