រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យអង្គភាពសារព័ត៌មានឯកជនទៅចុះបញ្ជីនៅក្រសួងការងារ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ កញ្ញា ២០២០) ៖ ​ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាល​ពី​ថ្ងៃទី២៨ ខែកញ្ញា​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឱ្យអង្គភាពសារព័ត៌មានឯកជនទាំងអស់ ត្រូវទៅចុះបញ្ជីនៅក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីបញ្ជូនឈ្មោះបុគ្គលិករបស់ខ្លួនទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថាប.ស.ស ដូចវិស័យផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ស្ថាប័នសារព័ត៌មាន ដែល​មាន​បុគ្គលិកលើសពី ៨នាក់ឡើងទៅ ត្រូវតែទៅចុះបញ្ជីនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបញ្ចូលឈ្មោះ បុគ្គលិក និងថ្នាក់ដឹកនាំ អង្គភាពសារព័ត៌មានទាំងនោះ ទៅក្នុងបេឡាជាតិរបប សន្តិសុខសង្គម ព្រោះវាជាកាតព្វកិច្ចត្រូវតែធ្វើ ហើយអង្គភាពស្ថាប័នសារព័ត៌មាន ជាអ្នកចេញថ្លៃចំណាយសម្រាប់បុគ្គលិកដល់ស្ថាប័ន ប.ស.ស។

ជាមួយគ្នានោះឯកឧត្តមបានណែនាំដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវសហការជាមួយមន្ត្រីជំនាញក្រសួងការងារ ដើម្បីរៀបចំជា សិក្ខាសាលា ផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីអំពីការគ្រប់គ្រង ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកនិង ពាណិជ្ជនាម សម្រាប់អាជ្ញាប័ណ្ណលើវិសយព័ត៌មាន និងសោតទស្សន៍ ។

សូមបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្ម ការពារម៉ាក និងពាណិជ្ជនាម លើវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីធានាថា អត្តសញ្ញាណនៃអង្គភាព ស្ថាប័នសារព័ត៌មាន និងសោតទស្សន៍នីមួយៗ មិនជាន់លើអត្តសញ្ញាណនៃអង្គភាព ស្ថាប័ន ហើយប្រកាសនេះ មានគោលដៅកំណត់។

ការចុះបញ្ជីនេះ ក៏មានបំណងការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក ដើម្បីការពារការប្រកួតប្រជែងមិនស្មោះត្រង់។

មិនអនុញ្ញាតឱ្យប្រើប្រាស់ម៉ាកនិងពាណិជ្ជនាម ដែលធ្វើឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ឬប្រពៃណីល្អរបស់ជាតិនិងម៉ាក ដែលមិនអាចចុះបញ្ជីបានដូចមានកំណត់ ក្នុងច្បាប់ ជាធរមាន។ ការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នឹងធ្វើឱ្យក្រុមហ៊ុនសារព័ត៌មាន ក្លាយជាអង្គភាពស្របច្បាប់ពេញលេញ៕

Related Articles

Back to top button
Close
Close