គណបក្សនានា ត្រៀមឃោសនាទ្រង់ទ្រាយធំ នៅថ្ងៃទី២៦ ខែកក្កដា ដែលជាថ្ងៃចុងក្រោយ
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ខាងមុខនេះ គណបក្សនយោបាយនានា ត្រូវគេរំពឹងថា នឹងធ្វើការឃោសនានៅក្នុងទ្រង់ទ្រាយធំ ដែលជាថ្ងៃចុងក្រោយ សម្រាប់ការឃោសនា ដូច្នេះនៅលើដងផ្លូវទីក្រុងភ្នំពេញ អាចនឹងមានការកកស្ទះចរាចរណ៍ជាមិនខាន។

គណបក្សប្រជាជនកម្ពុជា បានត្រៀមទូទាំងប្រទេស ដើម្បីបង្ហាញកម្លាំងជាគណបក្សធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ មនុស្សជាច្រើនម៉ឺននាក់ នឹងចូលរួមឃោសនានៅក្នុងទីក្រុងភ្នំពេញ។ ចំនួនដ៏ច្រើនបែបនេះ ក៏នឹងត្រូវប្រមូលផ្តុំនៅតាមបណ្តាខេត្តនានាផងដែរ។
ចំណែក គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី នោះ ក៏បានប្រកាសរួចហើយដែរ អំពីសេចក្តីជូនដំណឹងមួយដែលថា គណបក្សនេះ ក៏នឹងមាន ការ ដង្ហែក្បួនទ្រង់ទ្រាយធំ នៅថ្ងៃទី២៦ ខែកក្កដា ខាងមុខនេះ។
គណបក្សហ្វ៊ុនសិនប៉ិច និងគណបក្សផ្សេងទៀត ក៏នឹងប្រឹងរៀបចំការឃោសនាទ្រង់ទ្រាយធំនៅថ្ងៃចុងក្រោយ នៃការឃោសនាទៅតាមធនធានរបស់ពួកគេផងដែរ៕ Cambodia News