គណបក្សសង្គ្រោះជាតិ ស្នើ គ.ជ.ប និងសមត្ថកិច្ចរកអ្នកបំផ្លាញស្លាកគណបក្ស
សៀមរាប ៖ គណបក្សសង្គ្រោះជាតិ ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងសមត្ថកិច្ចខេត្តសៀមរាប រកឲ្យឃើញជនល្មើស និងអ្នកនៅពីក្រោយខ្នង ដែលបានបំផ្លាញ ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិដ៏ធំមួយ នៅខេត្តនេះ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៣ ខែកក្កដា។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយកាលពីថ្ងៃទី២២ កក្កដានេះ ឲ្យដឹងថា ស្លាកសញ្ញាគណបក្ស ដែលត្រូវបានបំផ្លាញនេះ មានទំហំ ២,៥ ម៉ែត្រ x ៤ ម៉ែត្រ និងកម្ពស់ ៥ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីខេត្តសៀមរាប ទៅខេត្ត បន្ទាយមានជ័យ ត្រង់ចំណុចរង្វង់មូលព្រលានយន្តហោះ ស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មាន បន្តថា ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានឃើញជនអនាមិក បើករថយន្តធុនធំមួយគ្រឿង ថយក្រោយបំបុកស្លាកគណបក្សសង្គ្រោះជាតិចំនួនបួនដង រហូតដល់ស្លាកសញ្ញាដ៏ធំមួយនេះបាក់ខ្ទេចខ្ទី ទើបជនអនាមិកនោះបើកចេញទៅបាត់។
គណបក្សសង្គ្រោះជាតិ យល់ថា ការបំផ្លាញស្លាកសញ្ញានេះ ជារូបភាពគំរាមកំហែងផ្នែក នយោបាយបែបថ្មីមួយទៀត ដែលកើតទ្បើងស្របពេលដែល លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្ស គ្រោងចុះឃោសនារកសំទ្បេងឆ្នោត នៅខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកក្កដា៕ Cambodia News