តុលាការខេត្តកោះកុងកោះហៅមន្រ្តីប៉េអឹម៣រូបជាសាក្សីក្នុងរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី
នៅថ្ងៃទី២៨ ឧសភា ២០១២ខាងមុខនេះ តុលាការខេត្តកោះកុងនឹងកោះហៅសាក្សីចំនួន៣រូបឲ្យចូលមកបំភ្លឺ ករណីបាញ់សម្លាប់លោក ឈុត វុទ្ធី បន្ទាប់ពីបញ្ចប់ការសាកសួរសាក្សីជាអ្នកកាសែត ឌឹ ខេមបូឌា ដេលី រួចមក។
មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត បានឲ្យដឹងថា សាក្សីទាំង៣នាក់ដែលតុលាការកោះហៅនោះគឺ ជាមន្រ្តីកងរាជអាវុធហត្ថដែលមានវត្តមានក្នុងពេលដែលមានការបាញ់សម្លាប់ លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើកាលពីថ្ងៃទី២៦ មេសា ១មានឈ្មោះ ពុំ រ៉ាវីន អាយុ៣៧ឆ្នាំ ២ឈ្មោះប៊ូ អន អាយុ២៨ឆ្នាំ និង ទី៣ឈ្មោះឯក សុអឿន អាយុ២៨ឆ្នាំពួកគេ។
លោក ឈុត វុទ្ធី ប្រធានអង្គការធនធានធម្មជាតិ រួមជាមួយមន្រ្តីកងរាជអាវុធហត្ថម្នាក់ទៀតឈ្មោះ អ៊ិន រតនា ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី២៦ មេសា ២០១២ នៅតំបន់វាលបី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ខណៈដែលសកម្មជនការពារព្រៃឈើរូបនោះរួមជាមួយអ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីររូបទៀតដើរល្បាតមើលការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់នោះ៕