លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភានាំឲ្យនាយករដ្ឋមន្រ្តីជប៉ុនមានឥទ្ធិពលក្នុងសភាទាំងពីរថ្នាក់
លទ្ធផលនៃការសាកសួរមតិអ្នក បោះឆ្នោតរួច នៅប្រទេសជប៉ុនកាលពីថ្ងៃ អាទិត្យម្សិលមិញនេះ បង្ហាញថា គណបក្សកាន់អំណាចបានទទួលសំឡេងគាំទ្រយ៉ាងមាំមួនក្នុងការឈ្នះ ចំនួនអាសនៈនៅក្នុងព្រឹទ្ធសភា។ ជ័យជំនះនេះគឺជាការត្រួសត្រាយផ្លូវឲ្យលោកនាយករដ្ឋមន្រ្តី Shinzo Abe នូវអាណត្តិមួយដើម្បីធ្វើកំណែទម្រង់បានយ៉ាងទូលំទូលាយ។
ប្រសិនបើការរាប់សន្លឹកឆ្នោតផ្ដល់នូវលទ្ធផលផ្លូវការហើយ នោះ លោក Shinzo Abe នឹងមានអំណាចគ្រប់គ្រងសភាទាំងពីរថ្នាក់ ដែលជាការមិនធ្លាប់មានក្នុងពេល៦ឆ្នាំកន្លងទៅនេះ។
មានការ រំពឹងថាលោកនាយរដ្ឋមន្រ្តី Shinzo Abe ចាប់ផ្ដើមធ្វើការភ្លាមៗទៅលើកំណែទម្រង់សេដ្ឋកិច្ចនិងពន្ធដារ ដែលជាកិច្ចប្រឹងប្រែងដើម្បីអូសទាញប្រទេសជប៉ុន ចេញពីឱនភាពសេដ្ឋកិច្ចដែលបានញាំញីប្រទេសនេះអស់រយៈពេល២ទសវត្សរ៍ មកហើយនោះ។
លោក Abe បានធ្វើការកែទម្រង់បណ្ដើរៗរួចទៅហើយផងដែរទៅលើវិស័យ ហិរញ្ញវត្ថុខណៈដែលលោកបានជំរុញឲ្យធនាគារជាតិបោះពុម្ពសាច់ប្រាក់ បន្ថែម។ ប៉ុន្តែមជ្ឈដ្ឋានខ្លះសម្ដែងការព្រួយបារម្ភថា លោកនាយករដ្ឋមន្រ្តីដែលប្រកាន់មាគ៌ាតឹងរ៉ឹងរូបនេះ នឹងព្យាយាមជំរុញនូវចក្ខុវិស័យរបស់ខ្លួនដែលមានជាយូរយាមកហើយនោះ អំពីការសើរើរដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុនដែលនិយមសន្ដិភាព៕ (Radio Australia)