ភ្លៀងមួយមេធ្វើឲ្យលិចផ្លូវនៅភ្នំពេញស្ទើរគ្រប់កន្លែង
មូលហេតុនៃការលិចទឹក នៅតែជាបញ្ហានៅឡើយព្រោះនៅទីក្រុងភ្នំពេញមានភ្លៀងធ្លាក់ម្ដងៗទឹកលិចផ្លូវស្ទើរគ្រប់ទីកន្លែងទាំងអស់។ ការលិចទឹកនេះបានធ្វើឱ្យមានការរំខានយ៉ាងច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ប៉ុន្ដែអ្វីដែលយើងទាំងអស់គ្នាបានដឹងនោះ មួយភាគធំដោយសារប្រជាពលរដ្ឋមួយចំនួនមិនសូវ យល់ដឹងថាប្រព័ន្ធលូទឹកមានសារៈសំខាន់យ៉ាងណា។ ហេតុនេះហើយប្រជាពលរដ្ឋខ្លះមិនបានយកចិត្ដទុកដាក់ក្នុងការថែរក្សាលូ ដែលនៅក្បែរលំនៅដ្ឋានខ្លួន។
ជាក់ស្ដែងកាលពីវេលាម៉ោង១៥ និង៤០នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២នៅរាជធានីភ្នំពេញភ្លៀងបានបង្អុរមកយ៉ាងខ្លាំងរហូតដល់ម៉ោង១៩យប់ថ្ងៃដដែលទើបភ្លៀងបានស្រាកស្រាន្តតែនៅបន្តរលឹមតិចរហូតដល់កណ្ដាលអាធ្រាតធ្វើឲ្យផ្លូវ និងតំបន់សំខាន់ៗមួយចំនួនរងនូវការលិចលង់ដោយសារតែប្រព័ន្ធលូហូរទឹកមិនទាន់។
មូលហេតុដែលនាំឲ្យស្ទះប្រព័ន្ធលូទឹក ធ្វើឲ្យលិចផ្លូវនានានៅពេលភ្លៀងធ្លាក់ម្ដងៗនេះដោយសារទីក្រុងភ្នំពេញពីមួយថ្ងៃទៅមួយថ្ងៃមានការអភិវឌ្ឍន៍ពង្រីកជាលំដាប់ ធ្វើឲ្យប្រព័ន្ធលូមានចម្ងាយកាន់តែវែង កម្រិតទឹកក៏កាន់តែខ្ពស់ ហើយមុខកាត់បំពង់លូមានប្រវែងតូច ជាហេតុធ្វើឲ្យចរន្ដទឹកហូរយឺត។
ពិសេសនៅតាមតំបន់មួយចំនួន មានកាកសំណល់សម្រាមច្រើនដែលគរនៅមាត់លូ ហើយនៅពេលមានភ្លៀងធ្លាក់ម្ដងៗ បើក្រុមហ៊ុនប្រមូលសម្រាមប្រមូលមិនទាន់ សម្រាមទាំងនោះត្រូវទឹកភ្លៀងហូរនាំទៅក្នុងលូធ្វើឲ្យស្ទះមុខលូបង្ហូរទឹក ជាហេតុធ្វើឲ្យទឹក ហូរមិនទាន់។
ការស្ទះលូទឹកបង្កឲ្យលិចលង់នេះមិនមែនជារឿងតូចតាចទេគឺបែរជាបង្កឲ្យមានផលប៉ះពាល់ជាច្រើនដូចជាផលប៉ះពាល់សុខភាព ព្រោះទឹកលិចពិតជាគេចមិនផុតពីជម្ងឺផ្សេងៗ ដូចជារាករូស អាសន្នរោគ គ្រុនពោះវៀនជាដើម។
ជម្ងឺទាំងនេះបានធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋធ្លាក់ចុះ ហើយមេរោគបាក់តេរីងាយជ្រៀតចូល។ បន្ថែមពីលើនេះទៅទៀត អាចធ្វើ ឱ្យកកើតនូវពពួកសត្វល្អិត ដូចជាមូសជាដើម ដែលជាភ្នាក់ងារចម្លងជម្ងឺ។ម្យ៉ាងក៏មានផលប៉ះពាល់ដល់បរិស្ថានដែរព្រោះពេលលូហូរមិនទាន់ ឬស្ទះ ធ្វើឲ្យមានក្លិនមិនល្អ ពេលនោះបរិស្ថានរស់នៅអាប់អួរ សោភ័ណភាពទីក្រុងត្រូវបាត់បង់៕