ប្រធានាធិបតី ថេន សេន សន្យាដោះលែងអ្នកទោសនយោបាយទាំងអស់

ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ អង់គ្លេស​ ប្រធានាធិបតី​ភូមា​ លោក​ ថេន សេន​ បាន​ប្រកាស​ថា​ លោក​នឹង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ចាប់ពី​ពេល​នេះ​រហូត​ដល់​​ដំណាច់​ ឆ្នាំ។ ​ប្រធានាធិបតី​ភូមា​ក៏បាន​សន្យា​ផងដែរ​ថា​ បទ​ឈប់បាញ់​គ្នា​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច​​នឹង​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ សប្តាហ៍​ខាង​មុខ​នេះ។

ចាប់ពី​ពេល​ នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ ​២០១៣​ ប្រទេស​ភូមា​នឹង​គ្មាន​អ្នកទោស​នយោបាយ​ទៀត​ឡើយ។​ នេះ​គឺ​ជាការ​សន្យា​ជា​ឧឡារឹក​របស់​ប្រធានាធិបតី​ភូមា​ លោក​ ថេន សេន​ ដែល​កំពុង​បំពេញ​​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​ប្រទេស​អង់គ្លេស។ ​សម្រាប់​លោក​ ថេន​ សេន​ ប្រទេស​ភូមា​នឹង​មិន​គិត​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ការប្រែក្លាយ​ប្រទេស​​ដែល​ គ្រប់គ្រង​ដោយ​​របប​យោធា​ផ្តាច់ការ​អស់រយៈ​ពេល​កន្លះ​សតវត្សរ៍​មួយ​នេះ​ឲ្យ​ ទៅ​​ជា​​ប្រទេស​​ប្រជាធិបតេយ្យ​វិញ​​នោះ​ឡើយ​។
លោក​ ថេន សេន​ ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ផងដែរ​ចំពោះ​លទ្ធភាព​បញ្ចប់​ជម្លោះ​ជាច្រើន​ ទសវត្សរ៍​រវាង​រដ្ឋាភិបាល​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច។ ​ជម្លោះ​ដែល​បាន​កើត​ឡើង​ចាប់តាំង​ពី​​ប្រទេស​នេះ​បាន​ទទួល​ឯករាជ​ពី​ អង់គ្លេស​កាលពី​ឆ្នាំ ​១៩៤៨ ។ ​លោក​អះអាង​ថា​ កិច្ចព្រម​ព្រៀង​ឈប់​បាញ់​ថ្នាក់ជាតិ​មួយ​អាច​នឹង​កើត​ឡើង​ ហើយ​សូរ​កាំភ្លើង​នឹង​ស្ងប់ស្ងាត់​នៅ​ក្នុង​ប្រទេស​នេះ​​ជាលើក​ដំបូង​ក្នុង​ រយៈពេល​ ៦០​ ឆ្នាំ​មក​នេះ។

សូម​បញ្ជាក់​ថា​ លោក​ ថេន សេន​ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ឡុងដ៏។​ លោក​នឹង​បន្ត​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​ទៅ​កាន់​ទីក្រុង​ប៉ារីស​ទៀត​នៅ​ ថ្ងៃ​ទី​ ១៧​ និង​ ១៨​ កក្កដា​ខាង​មុខ​នេះ។ ​នៅ​មុន​ការ​ទៅ​ដល់​របស់​លោក​ ថេន សេន​ អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​បាន​អំពាវនាវ​កុំឲ្យ​ប្រធានាធិបតី​ បារាំង​ លោក​ François​ Hollande ​ស្ថិត​នៅ​ស្ងៀម​ស្ងាត់​ឲ្យ​សោះ​​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ ប្រទេស​ភូមា។

នេះជា​លើក​ទី២​ហើយ​ដែល​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប។ ​កាលពី​ខែ​មីនា​កន្លង​ទៅ​ លោក​ថេន សេន​ បាន​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីប​នេះ​ម្តង​រួច​ទៅ​ហើយ​ដូចជា​នៅ​ប្រទេស ​ន័រវេស​ អូទ្រីស​ និង​ប៊ែលហ្សិក។

លោក​ថេន ​សេន​ គឺជា​មេដឹកនាំ​ដែល​បាន​បញ្ចប់​ភាព​ឯកោ​​របស់​ប្រទេស​ភូមា​តាមរយៈ​ការធ្វើ​ សមាហរណ កម្ម​ទៅ​ក្នុង​សហគមន៍​អន្តរជាតិ​ និង​ការអនុញ្ញាត​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ស្រី ​អង់សាន​ ស៊ូជី​ ចូល​ទៅ​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ​ និង​តាមរយៈ​ការដោះលែង​អ្នកទោស​នយោបាយ៕ដោយ ប៉ែន បូណា (RFI)

Related Articles

Back to top button
Close
Close