ការ​រើស​អើង​នៅ​ក្នុង​គ្រួសារ​នាំ​ឲ្យ​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​អស់​សង្ឃឹម​

Cambodia News/

ភ្នំពេញ​៖ អង្គុយនៅលើបង់ថ្មដោយមានទឹកមុខស្រពាប់ស្រពោន យុវជនម្នាក់​បាន​រំលឹក​​​​ពី​រឿង​អតី​តកាល​ដែលគួរ​ឲ្យ​ឈឺចាប់ ហើយ​បាន​បន្សល់​ទុកនូវការលំបាកមក​ដល់​សព្វថ្ងៃ។

សុដា អង្គុយរៀបរាប់លើបង់ថ្ម
សុដា អង្គុយរៀបរាប់លើបង់ថ្ម

ស្ថិត​ក្នុងវ័យ​ទើប ​២១ ឆ្នាំ សុដា បាន​​កំព្រាឳពុកម្តាយ​តាំងពីតូច ហើយ​​រូបគេ​កំពុង​​រស់នៅ​ជាមួយ​មេរោគអេដស៍ (ផ្ទុក​មេ​រោគ​អេដស៍​) រួច​ទៅ​​ហើយ។ សុដា បានដឹង​ថា ខ្លួន​មាន​មេរោគ​អេដស៍​នៅ​ឆ្នាំ ២០០៦ ដោយ​អះអាងថា ខ្លួន​​បាន​ឆ្លងនេះតាមរយៈ​ការ​ប្រើ​ប្រាស់​ម្ជុល​ចាក់​សាក់។

បន្ទាប់​​ពី​ដឹង​ថា ខ្លួន​មានផ្ទុក​មេរោគ​អេដស៍​មក សុដា ​ទទួល​រង​នូវ​ការ​រើសអើង​យ៉ាង​ខ្លាំង​ពី​ក្រុម​​​​គ្រួ​សារដែលមាន​​បងប្អូនចំនួន៦​នាក់ ដោយ​ការ​រើសអើងនេះ​បាន​​ធ្វើ​​ឲ្យខ្លួនគេ​​អស់សង្ឃឹម។

​​មាន​ទឹក​ភ្នែករលីងរលោង សុដា បាន​និយាយ​មួយៗ​​ថា “​ជីវិត​របស់​ខ្ញុំ​រសាត់​តែល​តោល ​ស្ទើរ​​តែ​មិន​ហ៊ាន​ចូល​ផ្ទះ ព្រោះ​សមាជិក​គ្រួសារ​​​​មាន​ការើសអើង តាំងពីការរស់នៅហូបចុក​ ស្លៀក​ពាក់ និងការប្រើប្រាស់របស់របរផ្សេងៗ​ទៀត។​​ ​ពេល​ខ្លះ បង​ប្អូន​បាន​ស្ដី​បន្ទោស​ខ្លាំងៗទៀត​ផង ដោយ​​ពេលខ្លះខ្ញុំបាន​បង្ខំ​ចិត្ត​យក​សំឡី​មក​ញុក​ក្នុង​ត្រចៀក​ទាំងសង​ខាង​ធ្វើ​ជា​មិន​ដឹង​មិន​ឮ​អ្វី​ទាំង​អស់”។
​“​ខ្ញុំមានអារម្មណ៍តូចចិត្តណាស់​ ព្រោះ​អត់មានការយកចិត្តទុកដាក់ពី​ក្រុម​គ្រួសារ។ ពួក​គេ​អត់​​​មើលខ្ញុំ​ទេ ហើយ​ខ្ញុំ​មានអារម្មណ៍ថា ជីវិត​ខុស​ពីអ្នកដទៃ​” នេះ​ជា​សំដី​របស់​ សុដា​ ដោយរូប​គេ​​បាន​បញ្ជាក់ថា ខ្លួន​​បាន​​ប៉ុន​ប៉ង​លោត​ពី​លើ​ស្ពាន​ដើម្បី​ធ្វើអត្ត​ឃាត​ជាច្រើនលើក​រួច​ម​ក​ហើយ តែ​ត្រូវ​​បាន​​គេ​​​ជួយ​សង្គ្រោះ។

សុដា ដែលសព្វ​ថ្ងៃ​រស់​នៅ​ម្តុំច្បារអំពៅក្នុង​រាជធានីភ្នំពេញ គឺ​ជា​​មនុស្សម្នាក់​ក្នុង​ចំណោម​​មនុស្ស​​រាប់​ម៉ឺន​នាក់​ដែល​កំពុង​រស់​នៅជា​មួយ​មេរោគ​អេដស៍។ បើតាម​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​​​​ជាតិ​ប្រយុទ្ធ​នឹង​​ជំងឺ​​អេដស៍ សើស្បែក និង​កាម​រោគ​​​របស់​​ក្រសួង​​សុខាភិបាល​​បាន​​ឲ្យ​​ដឹង​​ថា ប្រទេស​​កម្ពុជានៅ​ចុង​ឆ្នាំ ២០១១ ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​​​​ចាប់​ពីអាយុ ១៥ ឆ្នាំ​​ឡើង​​ប្រមាណជា ៧៥.៣៤៤ នាក់ ដែល​ក្នុង​នោះ​​មាន​ចំនួន ៤៦.៤៨១ នាក់​​កំពុង​​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​​ប្រឆាំង​​​មេរោគអេដស៍ ឬ​ថ្នាំ​ពន្យាជីវិត ខណៈ​ដែល​ ៥៣.១៦៦ នាក់​ត្រូវ​​ការព្យាបាល​​ថ្នាំ​ប្រភេទ​នេះ។

​របាយការណ៍​បាន​​​ឲ្យ​ដឹងថា នៅ​ឆ្នាំ ២០១៥ មាន​​​​​​អ្នក​ផ្ទុក​មេរោគអេដស៍​​​ប្រមាណ​ ៧០.៨៨៥ ហើយ​មាន  ៥៧.៩៧១ នាក់​​ត្រូវ​ការ​ព្យា​បាល​​​ថ្នាំ​ប្រឆាំង​​មេរោគអេដស៍។​

ក្រសួង​សុខាភិបាល អង្គការសង្គម​ស៊ីវិល និង​ម្ចាស់ជំនួយ​ដែល​​ពាក់​ព័ន្ធនឹង​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​​បាន​ស្វែងរក​គំនិតថ្មី​​ៗធ្វើ​យ៉ាង​​ណា​ឲ្យ​ប្រទេស​កម្ពុជា​មិន​មាន​ការ​ឆ្លង​ថ្មីនៃ​មេរោគ​អេដស៍​​​នៅ​ឆ្នាំ ២០២០។ ស្ថាប័ន​ទាងនោះ​បាន​រួមគ្នាជួយ​កាត់បន្ថយ​ការ​មាក់​ងាយ ​និង​ការ​​រើសអើង​ដល់​​អ្នក​រស់​នៅ​ជា​មួយ​​មេរោគ​អេដស៍ និង​ក្រុម​គោល​ដៅ​​​ងាយ​រងគ្រោះឯទៀតៗ ដូចជា​បុរស​ស្រឡាញ់​​​បុរស និង​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ញៀន ដើម្បី​ធ្វ​ឲ្យ​ពួកគេ​បាន​ទទួលសេវា​ សេវា​ព្យាបាល ថែ​ទាំ សេវា​សុខភាព និង​សេវាសង្គមផ្សេងៗ​ទៀត​បាន​ស្មើភាព​នៅក្នុង​សង្គម។

មន្រ្តីអប់រំរបស់អង្គការខាណាផ្តល់ការប្រឹក្សា និងការយល់ដឹងពីសិទ្ធិទទួលបានសេវាព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍។
មន្រ្តីអប់រំរបស់អង្គការខាណាផ្តល់ការប្រឹក្សា និងការយល់ដឹងពីសិទ្ធិទទួលបានសេវាព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍។

ចំពោះ សុដា វិញ បច្ចុប្បន្ន បាន​ទទួល​ការ​អប់រំ​ផ្ដល់​កម្លាំង​ចិត្ត​ទាំងផ្លូវចិត្តស្មារតី​ និង​ផ្ដល់​ថ្នាំ​​ប្រឆាំងមេរោគអេដស៍ (ថ្នាំ​ពន្យា​ជីវិត) ពី​អង្គការខាណា។ បន្ទាប់​ពី​ទទួល​បាន​សេវា​អប់រំ​ពី​ខាណាមក សុដា មាន​ការ​យល់​ដឹង​ចេះ​ពិ​ចារ​ណា​ពី​តម្លៃ​ជី​វិ​ត​របស់​ខ្លួន​និង​ទទួល​យក​នូវ​ពាក្យ​អប់រំ​ថា​ ការ​គិត​ខ្លី​គឺ​​ជា​​រឿង​​មិន​ល្អ​ឡើយ ពិសេស​​ការ​​ចង់​​សម្លាប់​​ខ្លួន​​នេះ។

គួរបញ្ជា្កក់ថា អត្ថបទ​នេះ​​ផលិត​ឡើង​​ក្រោម​ជំនួយ​សប្បុរ​ស​​ធម៌​​ពី​ប្រជា​ជន​អាមេរិក​​តាមរយៈ USAID។ រាល់​ខ្លឹម​សារ​​ដែល​​មាន​​ក្នុង​អត្ថ​បទ​នេះ​គឺជា​ការទទួល​ខុស​​ត្រូវ​​របស់​អង្គការ​​ខាណា និង​មិន​បាន​ឆ្លុះបញ្ចាំង​​ទស្សនៈ​របស់​ USAID ឬ​​រដ្ឋាភិបាល​អាមេរិក​ឡើយ។

សុដា បានបញ្ជាក់​ថា “គេ [មន្រ្តីអង្កការខាណា] ប្រាប់ខ្ញុំថា កុំឲ្យគិតច្រើន និងត្រូវ​រស់​នៅ​ដូច​គេ​ដូច​ឯង ហើយចាំ​គេ​ឲ្យ​ថ្នាំ​ពន្យា​ជីវិត​លេប​ និង​​ត្រូវតែ​មាន​ក្តីសង្ឃឹម”។

ដោយ​​​បង្ហាញ​ពីបំណង​ចង់​រៀនជួសជុលទូរស័ព្ទ ដើម្បី​មាន​​​ឱកាស​​នៅ​រស់ប្រកប​របរ​ចញ្ចឹម​ជីវិត​នៅ​​​ក្នុង​​សង្គម សុដា ចាប់​​ផ្តើម​មាន​អារម្មណ៍​​រីក​រាយ និងមាន​ទឹក​ចិត្ត​ចង់​បន្ត​​រស់​នៅ ព្រមទាំង​អំពាវ​នាវ​​ដល់​​អ្នករស់នៅ​​ជាមួយ​​មេរោគអេដស៍​ទាំង​អស់​មិន​​ត្រូវ​អស់​សង្ឃឹម​ឡើយ ហើយ​​​ត្រូវ​ការ​ពារ​​មិន​ឲ្យ​មេរោគ​អេដស៍ឆ្លង​​ទៅអ្នក​ដទៃ។

បន្ថែម​ពី​លើ​នេះ សុដា ក៏​បាន​អំពាវ​នាវ​​ដល់​សាធារណជន​កុំ​ឲ្យមាន​ការរើស​អើង​អ្នក​ផ្ទុក​មេរោគ​​​អេដស៍ ​ព្រោះ​ពួកគេ​ក៏​ជា​ជ​នរងគ្រោះ៕ ដោយ លី បេឡា

Related Articles

Back to top button
Close
Close