ទូច ស៊ុន និច រំពឹងការស្វែងរកថ្នាំព្យាបាលរបស់អាមេរិក
Cambodia News/
ព័ត៌មានកម្សាន្ត/
ភ្នំពេញ៖ អស់រយះពេលជាង១០ឆ្នាំមកហើយដែលអតីតតារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជានាង ទូច ស៊ុននិច បានសម្រាកព្យាបាលជំងឺនៅសហរដ្ឋអាមេរិកក្រោយពីទទួលរងការបាញ់ប្រហារយ៉ាងសំហាវដោយបានសម្លាប់ម្តាយរបស់នាងកាលពីអំឡុងឆ្នាំ២០០៣។
បើទោះបីជារយះកាលលន្លងទៅជាង១០មកហើយក្តី ប៉ុន្តែអាការះជំងឺរបស់អតីតតារាចម្រៀងរូបនេះនៅមិនអាចវិលមកកាន់សភាពដើមនៅឡើយទេរហូតមកដល់ពេលេះ ពោលគឺនាងបានត្រឹមអង្គុយលើរទះរុញ និងមិនអាចកំរើកដៃជើងសម្រាកក្នុងបន្ទប់ក្រោមការមើលថែពីក្រុមគ្រួសាររបស់នាង ដោយរង់ចាំក្តីរំពឹងទុកថា នៅថ្ងៃណាមួយក្រុមគ្រូពេទ្យអាមេរិកនឹងអាចស្វែងរកថ្នាំមកព្យាបាលនាងឲ្យបានជាសះស្បើយ។
យ៉ាងណាក៏ដោយ បើទោះជារឿងរ៉ាវបាញ់ប្រហារគ្មានត្រាប្រណីមកលើនាង ទូច ស៊ុន និច បានកន្លងផុតទៅជាច្រើនឆ្នាំក៍ដោយ ហើយពេលនេះនាងកំពុងតែរស់នៅសហរដ្ឋអាមេរិកក៍ពិតមែនប៉ុន្តែសុវត្ថិភាពសម្រាប់អតីតតារាចម្រៀងរូបនេះនៅតែមានការប្រុងប្រយ័ត្នខ្ពស់ដដែល។
បើតាមការឲ្យដឹងពីតារាចម្រៀងលោក សុះ ម៉ាច ដែលបានចុះសួរសុខទុក្ខនាង ទូច ស៊ុន និច ដោយផ្ទាល់ក្នុងពេលដែលលោកចេញទៅសម្តែងនៅអាមេរិកកាលពីពេលថ្មីៗនេះបានអះអាងថា បច្ចុប្បន្នទូច ស៊ុន និច កំពុងរស់នៅក្នុងស្រុកSacramento រដ្ឋCalifornia សហរដ្ឋអាមេរិក ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រួសារ និងការជួយឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក។ លោកបន្តថា តាមការពិនិត្យស្ថានភាពអាការះជំងឺរបស់ទូច ស៊ុន និច គឺនាពេលនេះនាងនៅតែមានអាការះធម្មតា ពុំមានអ្វីប្លែកឡើយ ដោយពេលនេះនាងនៅតែអង្គុយនៅលើកៅអ៊ីរុញដដែល ហើយចំណែកដៃជើងគឺមិនអាចកំរើកបាននៅឡើយ។
បើទោះបីជាស្ថានភាពរបស់នាងបានធ្វើឲ្យលោកមានការក្តុកក្តួលចិត្តក៍ដោយ ប៉ុន្តែទូច ស៊ុន និច នៅតែបង្ហាញពីក្តីសង្ឃឹមបន្តជីវិតរស់ដោយក្តីរំពឹងលើក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកដែលអាចស្រាវជ្រាវស្វែងរកថ្នាំឃើញដើម្បីមកព្យាបាលជំងឺរបស់នាង។ទោះជាយ៉ាងណាក្តីសង្ឃឹមនោះហាក់ដូចជានៅឆ្ងាយ ដោយសាររហូតមកដល់ពេលនេះគេនៅមិនទាន់អាចរកឃើញនៅឡើយ។
លោក សុះ ម៉ាច បានបញ្ជាក់ថា បើទោះបីជាពេលនេះទូច ស៊ុន និច បានសម្រាកព្យាបាលនៅសហរដ្ឋអាមេរិកក៍ដោយប៉ុន្តែអ្នកដែលចង់សាកសួរសុខទុក្ខនាងគឺនៅមានកម្រិត ពោលគឺមិនមានការបើកទូលាយឡើយ ដោយសារតែក្រុមគ្រួសាររបស់នាងនៅតែគិតគូរពីសុវត្ថិភាពនាដដែល។ អ្នកដែលមានបំណងចង់សាកសួរសុខទុក្ខទូច ស៊ុន និច ដោយផ្ទាល់គឺច្រើនជាមនុស្សដែលមានការជិតស្និតជាមួយឪពុករបស់នាង ហើយបើចង់ជួបត្រូវប្រាប់ឪពុកនាងជាមុនទើប បានអនុញ្ញាតឲ្យចូលជួបទូច ស៊ុន ទិច ដោយផ្ទាល់បាន។
លោកបន្ថែម បើតាមការស្តាប់ពីសំដីសំដៅរបស់ទូច ស៊ុន និច នោះគឺនៅតែដដែលមិនមានអ្វីប្រែប្រួលឡើយ ប៉ុន្តែរាងកាយរបស់នាងបានប្រែក្លាយទៅជាយ៉ាងណានោះក៍លោកមិនបានដឹងច្បាស់ឡើយ ដោយសារអំឡុងពេលដែលលោកបានជួបនោះគឺបានត្រឹមតែឃើញមុខរបស់នាងប៉ុណ្ណោះ ចំណែករាងកាយផ្សេងទៀតនោះត្រូវគេគ្របដោយក្រណាត់ជិតទាំងអស់។
លោកនិយាយថា “នាងនៅតែនិយាយបាន និងញាំបានធម្មតាមិនដូចជាអ្នកមានជំងឺអីឡើយ ពេលដែលខ្ញុំចូលទៅនោះនាងហៅយើង ស្គាល់យើង សួរសុខទុក្ខយើងធម្មតា ប៉ុន្តែអ្វីដែលខ្ញុំត្តុកក្តួលបំផុតពេលខ្ញុំជួបនិយាយជាមួយឪពុករបស់ទូច ស៊ុននិច រៀបរាប់បីទុក្ខលំបាក និងអាការះជំងឺកូនស្រីគាត់។ខ្ញុំមានការក្តុកក្តួលចិត្តស្ទើរបង្ហូរទឹកភ្នែកចេញមកក្រៅ ក្នុងពេលដែលខ្ញុំបានឃើញមុខនាង ព្រោះសម្រាប់នាងហើយនឹងខ្ញុំគឺមានអនុស្សាវរីយ៍មិនអាចបំភ្លេចបានឡើយនៅពេលដែលខ្ញុំបានចូលមកច្រៀងជាមួយនាងកាលពីទសវត្សត៍ឆ្នាំ៩០ រហូតដល់ពួកយើងបានចូលច្រៀងជាមួយគ្នានៅក្នុងផលិតកម្មហង្សមាស ឆាកតន្ត្រីនានា និងសម្តែងជាមួយគ្នា”។
ទោះជាយ៉ាងណា លោក សុះ ម៉ាច បញ្ជាក់ថា ទូច ស៊ុន និច នៅតែសម្តែងក្តីសង្ឃឹមក្នុងការបន្តជីវិតរស់ដដែល បើទោះបីជាពេលនេះនាងបានត្រឹមបើកភ្នែក និងហាមាត់និយាយអង្គុយលើរទេះរុញមិនអាចកំរើកដៃជើងក៍ដោយ។ នាងនៅតែមានសង្ឃឹមថា ក្រុមគ្រូពេទ្យនឹងអាចស្វែងរកថ្នាំណាដែលអាចព្យាលបាលនាងជា ប៉ុន្តែប្រសិនបើក្តីរំពឹងនោះមិនអាចចេញជារូបរាងបានទេនោះគឺនាងមានតែបណ្តោយតាមព្រហ្មលិខិតដែលបានកម្រិតអាយុជីវិតរបស់នាងបានរស់ដល់ពេលណាគឺពេលនោះចុះ។
គួបញ្ជាក់ថា ទួច ស៊ុននិច បានរងការវាយប្រហារពីជនមិនស្គាល់មុខកាលពីខែតុលា ឆ្នាំ២០០៣ ដោយបណ្តាលឲ្យម្តាយរបស់នាងបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម ក្នុងពេលដែលនាងបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ពាក់ព័ន្ធករណីបាញ់ប្រហារនេះត្រូវបានគេលើកឡើងថា ដោយសារតែនាងមានជាប់ពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណ។ ប៉ុន្តែកន្លងមកទាំងទូច ស៊ុននិច និងក្រុមគ្រួសារធ្លាប់បានចេញមកអះអាងបដិសេធន៍ថា នាងមិនដែលបានជាប់ពាក់ព័ន្ធទៅនឹងរឿងស្នេហាត្រីកោណដូចការលើកឡើងនោះទេ។
លោក ស៊ុន ទូច ដែលត្រូវជាឪពុករបស់ ទូច ស៊ុននិច ធ្លាប់បាននិយាយថា កូនស្រីរបស់លោកមិនដែលបានជាប់ជំពាក់ទាក់ទិនជាមួយនឹងបុរសណា ម្នាក់ឡើយ ហើយលោកបានស្នើទៅដល់ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជាជួយវែកមុខ រកឃាតករដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កូនស្រីរបស់លោកដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនេះផង។
ទូច ស៊ុននិច កើតនៅឆ្នាំ ១៩៨០ និងជាតារាចម្រៀងល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជាចាប់តាំងពីទស្សវត្សត៍ឆ្នាំ៩០មកម្លេះ ហើយនាងក៍ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរម្នាក់ផងដែរ៕ ស.រ