ក្រសួងសេដ្ឋកិច្ចពន្យារពេលប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនរហូតដល់បំណាច់ខែសីហា
Cambodia News/
ភ្នំពេញ៖ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៣ ដែលចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែកក្កដានេះ ឥឡូវត្រូវបានពន្យារបន្ថែមទៀតរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ការពន្យារពេលប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំរិះគ្រប់ប្រភេទរហូតដល់បំណាច់ខែសីហានេះ គឺដោយសារតែពលរដ្ឋគ្រប់រូបមានការមមាញឹកបំពេញកាតព្វកិច្ច បោះឆ្នោតសាកលជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣តទៅអង្គភាពពន្ធដារនឹងធ្វើការត្រួតពិនិត្យ និងអនុវត្តការផាកពិន័យចំនួនមួយដង ស្មើប្រាក់ពន្ធបន្ថែមលើប្រាក់ពន្ធដែលត្រូវបង់ចំពោះម្ចាស់ យានយន្តទាំងឡាយណាដែលមានការយឺតយ៉ាវបង់ពន្ធក្រោយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣៕