បុរសម្នាក់ប្រើអំពើហិង្សាក្នុងគ្រួសារយកកាំភ្លើងមកភ្ជង់ក្បាលប្រពន្ធ
បុរសម្នាក់ដោយខឹងប្រពន្ធពុំរៀបចំបាយឲ្យហូប ក៏បានវាយដំ និងទាញក្បាលប្រពន្ធយកកាំភ្លើងមកភ្ជង់គំរាមបាញ់សម្លាប់ចោល ប៉ុន្តែខណៈពេលនោះមានអ្នកជិតខាងមកជួយ នៅពេលស្ត្រីជាប្រពន្ធរើរួច ក៏រត់ទៅប្ដឹងសមត្ថកិច្ចឲ្យមកចាប់ឃាត់ខ្លួនតែម្តង។
ករណីអំពើហិង្សានេះកើតឡើងកាលពីថ្ងៃទី ៧ ឧសភា ២០១២ វេលាម៉ោង៥ល្ងាច នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ស្ត្រីរងគ្រោះដែលជាប្រពន្ធឈ្មោះ រឿន ស្រីឯប្ដីឃោរឃៅឈ្មោះ គ្រុយ ឆេង ។
ស្ត្រីជាប្រពន្ធបានប្រាប់ឲ្យដឹងថា គាត់បានរួមរស់ជាមួយគ្នាបានកូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់ ប្ដីរបស់គាត់តែងតែវាយធ្វើបាបគាត់តាំងតែពីកូនទី១មកម្ល៉េះ តែគាត់ចេះតែទ្រាំដើម្បីអនាគតកូនៗ តែពេលនេះ គាត់ទ្រាំលែងបានហើយព្រោះ មិនវាយនឹងដៃឬ ដំបងទេ ប្ដីគាត់ បានយកកាំភ្លើងមកភ្ជង់គំរាម បាញ់សម្លាប់ ចោលមួយពូជថែមទៀត។
តាមសមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីរងគ្រោះកម្លាំងប៉ូលិស ក៏ទៅធ្វើការឃាត់ខ្លួន ទាំងអាវុធ ទាំងមនុស្ស បញ្ជូនមកអធិការដ្ឋាន ។ ប៉ូលិសបញ្ជាក់ទៀតថា រឿងអំពើហិង្សាជាទោសមួយ ឯរឿងលាក់អាវុធខុសច្បាប់ក៏ជាទោសមួយទៀតដែរ ឥឡូវប៉ូលិសកំពុងកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ៕