ធនាគារជាតិ តម្រូវឲ្យគ្រឹះស្ថានធនាគារក្នុងស្រុក ផ្តល់លុយរៀល១០%នៃប្រាក់កម្ចីសរុប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ កុម្ភៈ ២០១៧) ៖ កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានតម្រូវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបញ្ចេញកម្ចីជាលុយរៀល ឲ្យបានយ៉ាងហោចណាស់១០ ភាគរយនៃទំហំកម្ចីសរុបរបស់ស្ថាប័ននីមួយៗ។ ធនាគារជាតិ យល់ថានេះជាការជួយលើកកម្ពស់ប្រាក់រៀល និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់រូបិយបណ្ណជាតិ។
ការតម្រូវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងស្រុក ត្រូវបញ្ចេញកម្ចីជាលុយរៀល យ៉ាងតិច១០ភាគរយនេះគឺបានដាក់ចេញដោយធនាគារជាតិកម្ពុជា កាលពីខែធ្នូឆ្នាំ២០១៦កន្លងទៅ ហើយវិធានការនេះ ត្រូវទុកពេលអនុវត្តរហូតដល់ឆ្នាំ២០១៩ ខាងមុខ។
ដើម្បីជួយជ្រោមជ្រែងវិធានការនេះ និងក្នុងនៅឆ្នាំ២០១៧នេះតែម្តង ធនាគារជាតិនៃកម្ពុជា បានគ្រោងលក់ចេញប្រាក់រៀល ចំនួន ៣,៩៤ ពាន់ពាន់លានរៀល ប្រហែលស្មើនឹង ៩៧៧,៤ លានដុល្លារ ដើម្បីធ្វើអន្តរាគមន៍ទីផ្សារប្តូរប្រាក់ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃរូបិយប័ណ្ណជាតិ។ ការបញ្ចេញប្រាក់រៀលបន្ថែមនេះ គឺដើម្បីធ្វើឲ្យការកើនឡើងជំនឿទុកចិត្តរបស់សាធារណជនទៅលើប្រាក់រៀលហើយជំរុញឲ្យគេប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែច្រើន ក្នុងសកម្មភាពអាជីវកម្ម និងជីវភាពប្រចាំថ្ងៃ៕