ប៉ូលិសចិនបាញ់ជនជាតិទីបេដែលប្រារព្ធខួបដាឡៃឡាម៉ា
នៅថ្ងៃអង្គារនេះ អង្គការចំនួនពីរដែលមានទីតាំងនៅបរទេស បានរាយការណ៍ថា ប៉ូលិសចិនបានបាញ់ទៅលើជនជាតិទីបេជាច្រើននាក់ កាលពីថ្ងៃសៅរ៍កន្លងទៅ នៅក្នុងខេត្តស៊ីជាន់ភាគនិរតីប្រទេសចិន បណ្តាលអោយមានមនុស្សរបួសធ្ងន់ច្រើន ក្នុងនោះមានសង្ឃទីបេពីរអង្គ។ ជនជាតិទីបេទាំងអស់នេះបានមកជួបជុំគ្នាប្រារព្ធខួបកំណើត៧៨វស្សា របស់សម្តេចសង្ឃដាឡៃឡាម៉ា ក្នុងសង្កាត់ដៅហ្វ៊ូ។ ប៉ូលិសសង្កាត់និងការិយាល័យកិច្ចការសាសនានៅដៅហ្វ៊ូបានបិដេសេធថា គ្មានហេតុការបែបនេះកើតឡើងទេ។
ប៉ូលិស ចិនចិនបានប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់ បំបែកក្រុមមនុស្សដែលមកប្រារព្ធខួប៧៨វស្សារបស់សម្តេចសង្ឃ ដាឡៃឡាម៉ា នៅសង្កាត់ដៅហ្វ៊ូ ក្នុងខេត្តស៊ីជាន់។ ការបាញ់នេះ ប៉ូលិសមិនបានប្រាប់អោយដឹងជាមុននោះទេ។ ជនជាតិទីបេជាច្រើននាក់បានរងរបួសធ្ងន់ ក្នុងនោះមានព្រះសង្ឃទីបេពីរអង្គ ដែលមួយអង្គត្រូវរបួសចំព្រះកែស។ បន្ទាប់ពីមានហេតុការបាញ់នេះ មនុស្សជាង២០នាក់ទៀតត្រូវបានចាប់ខ្លួន។ ព័ត៌មានដែលទទួលបាននៅថ្ងៃអង្គារនេះ ផ្តល់ដោយអង្គការ Campaign for Tibet មានទីតាំងនៅសហរដ្ឋអាមេរិក និងអង្គការអង្គការទីបេមួយទៀតនៅឥណ្ឌា។
យោងតាមអង្គការទីបេ នៅឥណ្ឌា សង្ឃមួយអង្គបានសាកល្បងដើរព័ទ្ធរបាំងសន្តិសុខដែលប៉ូលិសបានដាក់ នៅទីនោះ ហើយប្រហែលមកពីមូលហេតុនេះទើបប៉ូលិសបាញ់ទៅលើជនជាតិទីបេ ទាំងនោះ។ ទោះយ៉ាងនេះក្តី អាជ្ញាធរចិនបានបដិសេធថាគ្មានហេតុការនេះកើតឡើងឡើយ។
សង្កាត់ដៅហ្វ៊ូ ខេត្តស៊ីជាន់ភាគនិរតី ប្រទេសចិនស្ថិតក្នុងតំបន់សំបូរជនជាតិទីបេរស់នៅ។ ប៉ុន្មានខែចុងក្រោយនេះ មានមនុស្សជាច្រើនក្នុងតំបន់បានធ្វើអត្តឃាតដុតខ្លួន ប្រឆាំងនឹងការត្រួតត្រា ការបំបាត់សេរីភាពសាសនាដែលចិនធ្វើមកលើទីបេ។ គិតពីឆ្នាំ២០០៩មក ចំនួនអ្នកដុតខ្លួនបានកើនហួសពី ១១០នាក់ហើយ។ ដោយឡែក ក្រុងប៉េកាំងអះអាងថាជនជាតិទីបេ មានសេរីភាពសាសនាគ្រប់គ្រាន់ ហើយរដ្ឋាភិបាលចិនថែមទាំងបានចូលរួមឧបត្ថម្ភសេដ្ឋកិច្ចតំបន់ ស្វ័យយតទីបេដែលជាតំបន់ក្រីក្រនេះទៀតផង។
គួររំលឹកថា ក្រោយបដិវត្តបះបោរត្រូវបានបង្ក្រាបក្នុងឆ្នាំ១៩៥៩ សម្តេចសង្ឃដាឡៃឡាម៉ាបានភៀសខ្លួនទៅជ្រកកោននៅឥណ្ឌា ហើយតំបន់ស្វយ័តទីបេបានស្ថិតក្រោមការគ្រប់គ្រងតឹងរ៉ឹងពី សំណាក់ក្រុងប៉េកាំង។ ចិនបានបដិសេធកាលពីចុងខែមិថុនាកន្លងមកថា មិនបានបន្ទន់ឥរិយាបថជាមួយសង្ឃដាឡៃឡាម៉ានោះទេ៕ដោយ ព្រំ សឿន សូលីណា (RFI)