កម្មកររោងចក្រកាត់ដេរ ផាញហ្គ្រេត ត្អូញត្អែថា គ្មានលុយ ធ្វើសាហុយទៅបោះឆ្នោតនៅស្រុក
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា កម្មករកម្មការិនីរោងចក្រកាត់ដេរ ផាញហ្គ្រេត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានលើកគ្នាមកតវ៉ានៅមុខក្រសួងសង្គមកិច្ច ទាមទារសុំអន្តរាគមន៍ពីលោក រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សុំជួយអន្តរាគមន៍ទៅថៅកែរោងចក្រកាត់ដេរដើម្បីបើកលុយជូនពួកគាត់ សម្រាប់ធ្វើសោហុយទៅបោះឆ្នោតនៅឯស្រុក។
សូមរំលឹកថា កម្មកររោងចក្រកាត់ដេរខាងលើនេះ ផ្ទុះកូដកម្មបាតុកម្ម តាំងពីខែឧសភា មកម្ល៉េះ ដើម្បីទាមទារបើកប្រាក់ខែពីថៅកែរោងចក្រ ប៉ុន្តែមិនមានលទ្ធផលឡើយ ដោយសារថៅកែរោងចក្រ រត់ចោលស្រុកបាត់ទៅហើយ។
បញ្ហាខាងលើនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មិនអាចសុំការបំភ្លឺបានឡើយ ហើយក្រុមកម្មករបានរំសាយវិញអស់នៅវេលាថ្ងៃត្រង់ ដោយមិនទាន់មានដំណោះស្រាយអ្វីទាំងអស់៕