លោក សម រង្ស៊ី នឹងវិលចូលកម្ពុជាក្នុងខែនេះ
Cambodia News
ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សមរង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស នឹងមកកាន់ប្រទេសកម្ពុជាក្នុងខែកក្កដានេះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣។
ក្នុង សារជូនចំពោះប្រជារាស្ត្រខ្មែរ បង្ហោះតាមហ្វេសប៊ុក លោក សម រង្ស៊ី បានថតសារជាសំឡេង ដោយលោកមានប្រសាសន៍ថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ មុនថ្ងៃបោះឆ្នោត ដែលត្រូវនឹងថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះ។
ជាមួយគ្នានេះដែរ មន្ត្រី អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងប្រាប់អ្នកសារព័ត៌មាន នៅស្នាក់ការកណ្តាលរបស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ ទី០៦ខែកក្កដា នេះថា លោក សម រង្ស៊ី នឹងមិនបារម្ភពីចំណាត់ការរបស់បក្សកាន់អំណាច ចាត់វិធានការចាប់ខ្លួនលោកនោះទេ នៅពេលដែលលោក វិលត្រលប់មកកម្ពុជា នៅពេលខាងមុខនេះ។សម្រាប់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បដិសេធអត្ថាធិប្បាយ ពីគម្រោងនៃការវិលត្រលប់មកកាន់កម្ពុជារបស់ លោក សម រង្ស៊ី ដោយលោក អះអាងថា លោកមិនបានដឹងថា ការវិលត្រលប់នោះ មានការសម្របសម្រួលផ្នែកនយោបាយ ឬក៏យ៉ាងណានោះទេ។
លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា ផ្តន្ទាទោសជាប់ពន្ធធនាគារ ជាង១០ឆ្នាំ ដោយចោទពីបទ ដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម បង្ហោះផែនទីក្លែងក្លាយ និងបរិហាកេរ្តិ៍៕