ស្ថានទូតអាម៉េរិកចេញ​សេចក្តីប្រកាសព័ត៌មាន​លើករណីលោក​ ឈុត វុទ្ធី

នៅ​ព្រឹក​ថ្ងៃ​ទី ៣ ​​ឧសភា ​២០១២​នេះ សហរដ្ឋ​អាម៉េ​រិក​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​​​បាន​សំដែង​កង្វល់​ យ៉ាង​ជ្រាល​ជ្រៅ​ទៅ​លើ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ ក្នុង​ខេត្តកោះ​កុង​ ដែល​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ជីវិតលោក ឈុត វុទ្ធី​ ដែល​ជា​អ្នក​ការ​ពារ​បរិស្ថាន​ធម្មជាតិ​ដ៏​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ប្រទេស​ កម្ពុជា​។

ស្ថាន​ទូត​អា​ម៉េ​រិក​បាន​បន្ត​ថា​ ក្នុង​ពេល​ដែល​ខ្លួន​កំពុង​តាម​ដាន​រឿង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​ស្វែង​យល់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​ការ​ពិត​នៅ​នឹង​កន្លែង​កើត​ ហេតុ​នោះ ស្ថាន​ទូត​បាន​សុំ​ឲ្យ​អា​ជ្ញា​ធរ​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ ពេញ​លេញ ប្រក​ប​ដោយ​តម្លា​ភាព​ និង​អាច​ជឿ​ទុក​ចិត្ត​បាន​លើ​ករណីនេះ។

លើស​ពី​នេះ​ទៀត​សហ​រដ្ឋ​អាម៉េ​រិក​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អា​ជ្ញា​ធរ​នាំ​ ខ្លួន​យក​មក​កាត់​ទោស​ប្រកប​ដោយ​តម្លា​ភាព​ និង​អាច​ជឿ​ទុក​ចិត្ត​បាន នូវ​ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។

យ៉ាង​ណា​មិញ​ស្ថាន​ទូត​អា​ម៉េ​រិក​ក៏​ថ្លែង​នៅក្នុង​ទិវា​សេរី​ភាព​សារ​ ព័ត៌មាន​ពិភព​លោក​ដោយ​អំពាវ​នា​វ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ រក្សា​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​លទ្ធ​ភាព​ដើម្បី​ឲ្យ​ អ្នក​សារ​ព័ត៌មាន​ឯក​រាជ្យ​ អាច​បំពេញ​ការងារ​របស់​គេ​បាន​ដោយ​មិន​ខ្លាច​អំពើ​ហឹង្សា​ ឬ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នោះ​ឡើយ៕

Related Articles

Back to top button
Close
Close