គណបក្សនយោបាយ ដែលចេញឃោសនាត្រូវជូនដំណឹង ៣ថ្ងៃមុនមកសាលារាជធានីភ្នំពេញ
Cambodia News
ភ្នំពេញ ៖ ដោយសង្កេតឃើញសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយខ្លះបានល្មើស ទៅនឹងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ ដោយបំពានច្បាប់ចរាចរណ៍ផ្លូវគោក សាលារាជធានីភ្នំពេញបានចេញសេចក្តីអំពាវនាវមួយដល់គ្រប់គណបក្ស នយោបាយទាំងអស់ដែលចេញឃោសនា ឬហែក្បួន ត្រូវជូនដំណឹងមកសាលារាជធានីភ្នំពេញឲ្យបានមុនរយៈពេល៣ថ្ងៃ។
ដោយបញ្ជាក់ពីអ្នកទទួលខុសត្រូវ ចំនួនមនុស្សចូលរួម មធ្យោបាយ គោលដៅជួបជុំ តម្រាយផ្លូវ កាលបរិច្ឆេទ រយៈពេល និងសកម្មភាពឃោសនាឲ្យបានច្បាស់លាស់ ដើម្បីសាលារាជធានីភ្នំពេញរៀបចំកម្លាំងសមត្ថកិច្ចសម្របសម្រួលតាមដង ផ្លូវ។
បញ្ហាមួយទៀត គឺសកម្មភាពជិះទោចក្រយានយន្តរបស់ក្រុមយុវជនទំនើងមួយចំនួនដែលមាន ពាក់អាវ ឬមួកគណបក្សនយោបាយ បើកបរយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវមានចរិតប៉ុនប៉ងញុះញង់បញ្ឆេះ ឲ្យមានកំហឹង ដែលអាចឈានទៅបង្កអំពើហិង្សា និងការប៉ះទង្គិចគ្នារវាងសកម្មជនគណបក្សនយោបាយមួយផ្សេងទៀត ។
ជាមួយគ្នានេះ គ្រប់គណបក្សនយោបាយត្រូវគ្រប់គ្រងសកម្មភាពសកម្មជនរបស់គណបក្ស ខ្លួនឲ្យមានចរិតថ្លៃថ្នូរ និងទទួលយកការសម្របសម្រួលជាក់ស្តែងរបស់គណៈកម្មាធិការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ។
សេចក្តីអំពាវនាវចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានសរសេរថា ដើម្បីអនុវត្តតាមច្បាប់ នីតិវិធី បទបញ្ជា ក្រមសីលធម៌ និងខ្លឹមសារលិខិតពាក់ព័ន្ធការបោះឆ្នោតសាកលឆ្នាំ២០១៣ ដើម្បីបង្កបរិយាកាសឃោសនាបោះឆ្នោត និងការបោះឆ្នោតសកលឲ្យមានតម្លាភាព អព្យាក្រឹតភាព សុវត្ថិភាពសង្គម និងភាពថ្លៃថ្នូរនៃសង្គមជាតិ៕