វិទ្យាស្ថានបារាំងប្រារព្ធខួប២០ ឆ្នាំនៅកម្ពុជា ១៩៩២-២០១២
ភ្នំពេញៈ វិទ្យាស្ថានបារាំងនៅកម្ពុជា ដែលពីមុនមានឈ្មោះថា អាលីយ៉ង ហ្វ្រង់សេ និងមជ្ឈមណ្ឌលវប្បធម៌បារាំងនោះ នឹងប្រារព្ធខួប២០ឆ្នាំ សម្រាប់វត្តមានរបស់ខ្លួននៅលើទឹកដីប្រទេសកម្ពុជា ( ១៩៩២-២០១២) នៅខែមេសា២០១២ មុននេះ ។
ដើម្បីអបអរសាទរខួប២០ឆ្នាំ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា វិទ្យាស្ថានបារាំង នឹងរៀបចំនិងតាំងពិព័រណ៍ស្នាដៃចម្រុះដូចជា ពិព័រណ៍រូបថត សៀវភៅចម្លាក់គំនូរវត្ថុសិល្បៈការច្នៃម៉ូត និងការប្រគំតន្ត្រីចាប់ពីខែមេសា រហូតដល់ដាច់ឆ្នាំ ។
ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃ២៧ មីនា ឆ្នាំ២០១២ នៅវិទ្យាស្ថានបារាំងលោក អូលីវីយេ ប្លង់ស្យុងនាយកវិទ្យាស្ថានបារាំង បានថ្លែងថានៅខែមេសា នឹងមានព្រឹត្តិការណ៍ធំៗ ជាច្រើន ។នៅថ្ងៃទី៥ ខែមេសា ២០១២ តាមកម្មវិធីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធការតាំងពិព័រណ៍ ។ គំនូរចម្លាក់និងរូបថត ដែលស្នាដៃរបស់វិចិត្រករ ជាងចម្លាក់ អ្នកថតរូបជាងសួនរូប និងអ្នកច្នៃម៉ូតជនជាតិខ្មែរចំនួន២០ រូបនឹងត្រូវយកទៅដាក់តាំងពិពព័រណ៍នាថ្ងៃ៥ មេសានោះ ព្រមទាំងមានការដេញថ្លៃវត្ថុសិល្បៈដែលតាំងពិព័រណ៍ ហើយថវិកាដែលបានមកពីការតាំងលក់នូវស្នាដៃនោះ ត្រូវប្រគល់ជូនសិល្បករ-សិល្បកានីរ ដែលមានជីវភាពយ៉ាប់យឺនដុនដាប ។
ក្រៅពីនេះ នៅមានការតាំងពិព័រណ៍របស់លោក អ៊ឹង ផូសេរ៉ា ដែលជាកូនខ្មែរកាត់បារាំង ។ ក្នុងអាយុ៤៧ ឆ្នាំ លោកជាវិចិត្រករ និងជាសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យប្រទេសបារាំង ។ គាត់ធ្លាប់បោះពុម្ពផ្សាយសៀវភៅរឿង និងគំនូរជាច្រើន ។ ព្រមទាំងរូបគំនូរគូរលើជញ្ជាំងរបស់វិចិត្រករដ៏ល្បីល្បាញរបស់បារាំងហ្ស៊ូលីយាង ម៉ាឡង់ ។ ចំណែកនៅថ្ងៃទី៧ និងទី២៧ ខែមេសា មានការប្រគំតន្ត្រីរបស់តន្ត្រីករបារាំងឈ្មោះ ណាប៊ី និង ការប្រគំតន្ត្រីរបស់កុមារបារាំងប្រមាណ ១០០នាក់នៅមហោស្រពចេនឡា ៕