នាយករដ្ឋមន្ត្រីអះអាងថា កម្មករនៅកម្ពុជាទទួលបានប្រាក់ឈ្នួលខ្ពស់ជាងប្រទេសជិតខាង
Cambodia News
ខេត្តកណ្តាល៖ ក្នុងពិធីសម្ភោធអាគារសិក្សាក្នុងស្រុកអង្គស្នូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសមួយដែលមានស្ថានភាពប្រាក់ឈ្នួលកម្មករប្រសើរ ជាងប្រទេសជិតខាង ដូចជា ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស និងឥណ្ឌាជាដើម។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគម ន៍ លោក មឿន តុលា មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីគ្រាន់តែជាការឃោសនា ប៉ុណ្ណោះ។ លោកយល់ស្របដែលលោកថា ប្រាក់ឈ្នួលកម្មករនៅប្រទេសកម្ពុជា ប្រសើរជាងប្រទេសបង់ក្លាដែស តែលោកថាប្រាក់ឈ្នួលកម្មករនៅកម្ពុជា នៅទាបជាងប្រទេសមីយ៉ាន់ម៉ា ឬភូមា។
អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា លោកគាំទ្រនូវប្រសាសន៍លោកនាយករដ្ឋមន្ត្រី តែលោកថា បើទោះជាប្រទេសទាំងនោះ មានប្រាក់ឈ្នួលទាបជាងកម្ពុជា តែតម្លៃទំនិញរបស់គេមិនហក់ឡើងខ្ពស់ដូចប្រទេសកម្ពុជាទេ។
តារាងប្រាក់ឈ្នួលគោលនៃកម្មករនៅប្រទេសជិតខាងកម្ពុជា បង្ហាញថា កម្មករនៅប្រទេសថៃទទួលបានចំនួន ២៦៣ដុល្លារ ហ្វីលីពីន ២១២ដុល្លារ ឥណ្ឌូនេស៊ី ១៨២ដុល្លារ និងវៀតណាម ១៧២ដុល្លារ ខណៈកម្ពុជាទទួលបានចំនួន៨០ដុល្លារនោះ៕