ក្មេង​ស្ទាវ​មួយ​ក្រុម​ បើក​រថ​យន្ត​គេច​ម៉ូតូ​ បុក​​ខ្លោង​​ទ្វារ​សាលា​គរុ​កោស​ល្យ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២៣​និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ខែ​មករា ​យុវជន​មួយ​ក្រុម ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​​បាន​បើកបរ​រថយន្ត​​ ក្នុង​ល្បឿន​លឿន​ តាម​បណ្ដោយ​ផ្លូវ​២៧១ លុះ​មកដល់​ចំណុច​មុខ​សាលា​គរុកោសល្យ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ​គេច​ពី​ម៉ូតូ​ឡើង​ចិញ្ចើម​ផ្លូវ ហោះ​ផ្លោក​បុក​កៀប​ជាប់​នឹង​សសរ​ខ្លោងទ្វារ សាលា​គរុកោសល្យ ។

ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍ ខាង​លើ​នេះ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​សង្កេតឃើញ​យុវជន​៥-៦​នាក់ បាន​ជិះ​ឡាន​កាមរី​ឆ្លាម​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-5163 បើកបរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន និង​រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ ហាក់បីដូចជា​ផ្លូវ​មួយ​ខ្សែនោះ ពួកគេ​ទិញ​ដាច់​សម្រាប់​បើក​រថយន្ត​របស់​ពួកគេ​អញ្ចឹង ខណៈ​បើក​មកដល់​ចំណុច​មុខ​ខ្លោងទ្វារ​សាលា​គរុកោសល្យ ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​នេះ បាន​រេ​ចង្កូត​គេច​ពី​ម៉ូតូ មក​ខាង​ស្តាំ​ឡើងលើ​ចិញ្ចើម ផ្លូវ បោល​ក្បាល​រថយន្ត​បុក​ខ្ទប់​នឹង​សសរ​ខ្លោងទ្វារ ​បណ្ដាល​ឲ្យ​រថយន្ត​កៀប​ក្បាល​ជាប់​នឹង​សសរ​ខ្លោងទ្វារ ប៉ុន្តែ​សំណាងល្អ​ណាស់ ដែល​ក្នុង​ហេតុការណ៍​នោះ គ្មាន​អ្នក​រង​របួស​។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរ ខណ្ឌ​ទួលគោក បាន​ចុះ​មក​អន្តរាគមន៍ ធ្វើការ​វាស់វែង​នាំ​យក​រថយន្ត បង្កហេតុ​នេះ​ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ដោះស្រាយ​តាមច្បាប់​៕ ​

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close