តំណាងសហជីពកម្មករ​ប្រតិកម្មចំពោះគម្រោង​ស្នើសុំឲ្យកម្មករបញ្ឈប់​ធ្វើបាតុកម្ម

បន្ទាប់​ពី​ថៅកែ​រោងចក្រ​នានា មាន​គម្រោង​ផ្ញើ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​បញ្ចប់​រឿង​កម្មករ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​បន្ត​ទៅ​ទៀត នៅ​ថ្ងៃ​ទី​២៥ មេសា តំណាង​សហជីព​កម្មករ​នានា​នៅ​កម្ពុជា បានសម្ដែង​ការ​​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​អំពាវនាវ និង​គម្រោង​ដាក់​ញត្តិ​របស់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ​ដែល​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​កម្មករ​កុំ​ឲ្យ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​បន្ត​ទៅ​ទៀត។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​បាន​និយាយ​​ថា ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​​ ​មិន​អាច​បញ្ចប់​ទៅ​ដោយ​ងាយ​ៗ​នោះ​ទេ ព្រោះ​និយោជក​​​រោង​ចក្រ​កាត់​ដេរ​មិន​បាន​គោរព​ច្បាប់​ការងារ និង​សិទ្ធិ​កម្មករ។ ​តែបើ​​​ចង់​បញ្ចប់​សកម្មភាព​ទាំង​នេះ​និយោជក​ត្រូវ​តែ​ធានា​ឲ្យ​បានថា មិន​ត្រូវ​​ធ្វើ​ទុក្ខបុកម្នេញ និង​រំលោភ​លើ​សិទ្ធិ​ការ​ងារ​កម្មករ​តទៅ​ទៀត។

ចំ​ពោះ​បញ្ហា​នេះ​លោក ជា មុនី ​​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​​ឲ្យ​ដឹង​​ថា ការ​ដឹក​នាំ​បាតុកម្ម និង​កូដកម្ម​ ដែល​ដឹក​នាំ​ដោយ​ក្រុម​សហជីព គឺ​និយោជក​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ប្ដឹង​ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស ប៉ុន្តែ​លោក​យល់​ថា និយោជក​មិន​អាច​ប្រឈម​នឹង​កម្មករ​បាន ដោយ​រឿង​ហេតុ​កើត​ចេញ​ពី​និយោជក​ទាំង​នោះ​មិន​បាន​គោរព​សិទ្ធិ និង​ច្បាប់​ការងារ​កម្ពុជា។

ទាក់​ទង​រឿង​ធ្វើ​បាតុកម្ម និង​កូដកម្ម​​ញឹក​ញាប់​កន្លង​មក​នេះ លោក អាត់ ធន់ ឲ្យ​ដឹង​ថា ពាក្យ​​បណ្ដឹង​តវ៉ា​របស់​កម្មករ​ដែល​បាន​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ អាជ្ញាកណ្ដាល គឺ ៩០​ភាគ​រយ​ កម្មករ​បាន​ឈ្នះ​ក្ដី។ ដូច្នេះ​​ លោក​ថា ហេតុ​ផល​នេះ​អាច​បញ្ជាក់​បាន​ថា កម្មករ​ និង​ក្រុម​ការងារ​សហជីព​មិន​មែន​ធ្វើ​ការ​បាតុកម្ម និង​កូដកម្ម​ដោយ​ពុំ​មាន​មូល​ហេតុ​ច្បាស់​លាស់​នោះ​ទេ៕

Related Articles

Back to top button
Close
Close