ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​សម្តេច​ម៉ែ ​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​

Cambodia News

ភ្នំ​ពេញ​៖ នៅថ្ងៃទី​​១៨ មិថុនា ២០១៣ នេះ ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​គម្រប់​​​៧៧​​ព្រះ​វស្សា​​យាង​ចូល​៧៨​ ព្រះ​វស្សា របស់​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម ​មុនិ​នាថ ​សីហនុ នឹង​ចាប់​ផ្តើម​ប្រារព្ធ​​ធ្វើឡើង​នៅ​ក្នុង​ព្រះ​​​បរម​​រាជវាំង និងត្រូវ​អបអរ​សាទរ​​ទូទាំង​ព្រះ​​រាជា​​ណា​ចក្រ​កម្ពុជា ។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ព្រះ​​រាជ​ពិធី​ចម្រើន​​ព្រះ​ជន្ម​​សម្តេច​ព្រះ​​មហា​ ក្សត្រី នរោត្តម មុនិនាថ សីហនុ នា​ពេល​នេះ​ត្រូវ​បាន​មន្ត្រី​ក្នុង​​ព្រះ​បរម​រាជ​វាំង​ឱ្យដឹងថា ​មាន​ការ​ដាក់​តាំង​រូប​ព្រះ​ឆាយាលក្ខណ៍​ ទង់​ជាតិ​ ដាក់​តាម​ដងវិថី​ ផ្កា​ភ្ញី និង​ការ​ដាក់​ភ្លើង​អគ្គិ​សនី​​តាំងលម្អ​នៅក្នុង​រាជ​​ធានី​ភ្នំពេញ ក៏ដូចជា ទី​ប្រជុំ​ជន​នានានៅ​បណ្តា​ខេត្ត ព្រម​ទាំងប្រជា​ពល​​រដ្ឋ​​ទទួល​បាន​ការ​​ឈប់​សម្រាក​មួយ​ថ្ងៃ​ផងដែរ ជា​សក្ខីភាព​​នៃ​ការ​អប​អរ​សាទរ។

សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជមាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព​ សេចក្តី​​ថ្លៃ​ថ្នូរ និង​សុភមង្គល​​ទ្រង់​ប្រសូត​នៅថ្ងៃទី​១៨ ខែមិថុនា  ១៩៣៦ ​ដោយមាន​ព្រះ​បិតា​ជាជន​ជាតិ​បារាំង ដើមកំណើត​អ៊ីតាលី  និងមានព្រះ​មាតាជា​ជន​ជាតិ​ខ្មែរ ។

ព្រះ​​អង្គបាន​រៀប​​អភិសេក​​ជា​មួយ​ព្រះ​បាទ នរោត្តម សីហនុ (ព្រះ​មហាវីរក្សត្រ​-ព្រះ​បរមរតន​កោដ្ឋ) ក្នុង​ខែ​មេសា ឆ្នាំ​១៩៥២ ។ សម្តេច​​ម៉ែ ព្រះ​អង្គមាន​ព្រះ​រាជ​បុត្រ​២​អង្គ គឺ​សម្តេចព្រះ​បរមនាថ នរោត្តម​ សីហមុនី ​ព្រះ​​មហាក្សត្រ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និងព្រះ​អង្គ​ម្ចាស់​នរោត្តម នរិន្ទ្រ​ពង្ស ប្រសូត​នៅថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​១៩៥៤  ប៉ុន្តែ​បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​២០០៣ ដោយជំងឺ​បេះដូង ។

ស្ថិត​ក្នុង​ព្រះ​ជន្មាយុ​៧៧​​ព្រះ​វស្សា សម្តេច​ម៉ែ សម្តេចព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ​ សីហនុ នៅ​តែ​បំពេញ​ព្រះ​​​រាជ​កិច្ច​យ៉ាង​សកម្ម​ទាំង​កិច្ច​ការ​​ទូត​អន្តរ​ជាតិ និង​ជាតិ​​ ជា​ម្លប់ដ៏ត្រជាក់​​ត្រជំ​នៃប្រជា​នុ​រាស្ត្រ ជា​ពិសេស​​ព្រះ​រាជ​កិច្ច​​សប្បុរស​ធម៌​របស់​ព្រះ​អង្គ​ទៅ​លើ​ប្រជា​រាស្ត្រ ​ជា​កូន​​ជា​ចៅ​នៅ​តាម​មូលដ្ឋាន៕

Related Articles

Back to top button
Close
Close