រដ្ឋាភិបាលបិទប្រព័ន្ធឃោសនាព័ត៌មានជាតិ ដើម្បីសន្សំប្រាក់
ថ្ងៃអង្គារទី ១១មិថុនា ម៉ោង១១យប់ ម៉ោងក្នុងស្រុក គ្រប់វិទ្យុ និងទូរទស្សន៍ជាតិ បានបញ្ឈប់ដំណើរការ យ៉ាងទាន់ហន់ ! រដ្ឋាភិបាលបានចេញក្រិត្យ និងបទបញ្ជាចូលជាធរមានភ្លាម គ្មានបង្អង់ បិទប្រព័ន្ធឃោសនាជាតិ ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសំអាងថាជាវិធានការដាច់ណាត់ ដើម្បីសន្សំប្រាក់។ ក្រិត្យបន្ទាន់នេះនឹងត្រូវដាក់ឱ្យសភាអនុម័ត ប៉ុន្តែ បក្សជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលចម្រុះក្រិកបានប្រកាសជាស្រេច មិនគាំទ្រ ការបិទប្រព័ន្ធផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍ជាតិឡើយ។ ប្រតិកម្មបានធ្លាក់មកជាបន្តបន្ទាប់ តាំងពីព្រលឹម។
គ្មានសំឡេង គ្មានរូបភាពទៀតទេ ក្នុងវិទ្យុនិងកញ្ចក់ទូរទស្សន៍ជាតិ តាំងពីល្ងាចថ្ងៃអង្គារម្សិលមិញ និងបន្តរហូតមកទល់នឹងថ្ងៃពុធនេះទៀត ព្រោះប៉ូលិសក្រិក បានឡើងទៅកាច់បិទប្រព័ន្ធផ្សាយ ដោយផ្ទាល់តែម្តង នៅវេលាម៉ោង ១១យប់ ក្រោយពីមានសេចក្តីប្រកាសរបស់រដ្ឋាភិបាល នៅពេលរសៀល។ បុគ្គលិកទាំង ២៦៥៦នាក់ ក្លាយខ្លួនជាអ្នកអត់ការងារធ្វើក្នុងពេលតែមួយប៉ប្រិចភ្នែក។
សម្រាប់រដ្ឋាភិបាលក្រិក វិធានការដ៏ទាន់ហន់ ជាឯកតោភាគី មិនធ្លាប់មាននេះ បណ្តាលមកពី ក្រុមវិទ្យុនិងទូរទស្សន៍ជាតិ គ្មានតម្លាភាព ចាយវាយ ថវិកាខ្ជះខ្ជាយហួសហេតុ។ សេចក្តីសម្រេចចិត្តនេះ ធ្លាក់មកជួនចំពេលដែលក្រុមសវនកម្មកំពុងត្រួតពិនិត្យចំណាយរដ្ឋ និងទាមទារឱ្យកាត់បន្ថយចំនួនមន្ត្រីរដ្ឋការ។
តាមពិតវិទ្យុនិងទូរទស្សន៍ជាតិ ស្ថិតក្នុងបញ្ជីស្ថាប័នត្រូវធ្វើកំណែទម្រង់ ប៉ុន្តែគ្មាននរណានឹងស្មានដល់ថាមានការបញ្ជាឱ្យបិទភ្លាមៗ ដូច្នេះទេ។ ពេលនេះទីស្នាក់ការវិទ្យុនិងទូរទស្សន៍ បានក្លាយជាកន្លែងប្រមូលផ្តុំគ្នាធ្វើកូដកម្ម ! វិទ្យុនិង ទូរទស្សន៍ឯកជនដទៃទៀត ក៏នាំគ្នាធ្វើកូដកម្មដែរ ដើម្បី បង្ហាញសាមគ្គីភាព ! គេឮតែបទចម្រៀង និងការចាក់ផ្សាយឯកសារចាស់ៗឡើងវិញប៉ុណ្ណោះ លើកប្រព័ន្ធរលកធាតុអាកាសនិងក្នុងកញ្ចក់ទូរទស្សន៍។
នៅក្នុងរង្វង់រដ្ឋាភិបាល ភាពប្រេះឆាក៏កើតមានឡើងដែរ គណបក្សពីរក្នុងចំណោមគណបក្សទាំងបី ក្នុងរដ្ឋាភិបាលចម្រុះក្រិកបាន បានប្រកាសមិនបោះឆ្នោតគាំទ្រក្រិត្យរបស់រដ្ឋាភិបាលទេ។ វិទ្យុនិងទូរទស្សន៍ សហភាពអឺរ៉ុប បានទាមទារឱ្យរដ្ឋាភិបាលក្រិកដកសេចក្តីសម្រេចនេះចេញវិញ ព្រោះការពន្លត់ប្រព័ន្ធឃោសនាព័ត៌មាន គឺស្មើនឹងការពន្លត់ប្រជាធិបតេយ្យ៕ ដោយ អៀង សុខម៉ិញ (RFI)