បង់ក្លាដេសសង្ឃឹមថាការផ្លាស់ប្តូរនៅក្នុងវិស័យកាត់ដេរនឹងផ្តល់ភាពអង់អាចដល់ស្រ្តី
ញូវដេលី — ការស្លាប់របស់កម្មករជាង១.១០០នាក់នៅក្នុងហេតុការណ៍ដួលរលំអគារ មួយ នៅប្រទេសបង់ក្លាដេសកាលពីពេលថ្មីៗនេះ បានធ្វើឲ្យសាកលលោកយកចិត្តទុកដាក់ទៅលើស្ថានភាពការងារដែលមិនមាន សុវត្ថិភាពនៅក្នុងប្រទេសដែលមានការលូតលាស់ក្នុងវិស័យឧស្សាហកម្ម កាត់ដេរមួយនេះ។ មនុស្សជាច្រើនសង្ឃឹមថា ការយកចិត្តទុកដាក់ទៅលើឧស្សាហកម្មនេះ នឹងកែបទដ្ឋានសុវត្ថិ ភាពផងនិងស្ថានភាពការងារសម្រាប់ស្ត្រីផង ដែលជាចំនួនភាគច្រើននៃអ្នកធ្វើការងារនោះ។
នាង Runa អាយុ២៣ឆ្នាំ ស្ថិតក្នុងចំណោមស្ត្រីរាប់ម៉ឺននាក់ដែលប្រើកម្លាំងពលកម្មតាមរយៈ ការប្រើម៉ាស៊ីនកាត់ដេរនៅក្នុងក្រុង Dhaka និងតំបន់ជាយក្រុងដើម្បីផលិតសម្លៀកបំពាក់សម្រាប់អ្នកលក់រាយឲ្យ ក្រុមហ៊ុនលោកខាងលិច។
កាលពីមួយទសវត្សរ៍មុនក្រុមគ្រួសាររបស់នាង Runa បានចាកចេញពីភូមិមួយដែលគ្រួសាររបស់នាងមានដីជាកម្មសិទ្ធិ ហើយទៅរស់នៅក្នុងរដ្ឋធានីនៃប្រទេសបង់ក្លាដេសដោយសារតែការរស់នៅ ក្នុងភូមិនោះគ្រួសាររបស់នាងស្ទើតែមិនអាចចិញ្ចឹមជីវិតបាន។
នាង Runa និយាយថា នាងសប្បាយរីករាយនឹងការរស់នៅក្នុងក្រុង Dhaka នេះ។ នាងនិយាយថា៖ «នាងបាននិយាយថា នាងពេញចិត្តរស់ទីកន្លែងណា ដែលនាងមានការងារធ្វើ។ នាងធ្វើការពេញមួយថ្ងៃ និងចម្អិនអាហាររបស់នាងនៅពេលល្ងាច»។
ម៉ោងធ្វើការគឺមានរយៈពេលវែងហើយ Runa នឹកជីវិតងាយស្រួល នៅភូមិ។ ក៏ប៉ុន្តែប្រាក់ឈ្នួលប្រចាំខែរបស់នាងចំនួន ៧៥ដុល្លារ គឺជាថ្នូរដ៏ធំមួយ។
រួមផ្សំនឹងប្រាក់ខែប្តីរបស់នាងពីការងាររបស់គាត់នៅក្នុងវិស័យ កាត់ដេរដែរ គូស្វាមីនេះ រកប្រាក់បានគ្រប់គ្រាន់ដើម្បីទិញម្ហូបអាហារ និងផ្ទះដ៏តូចមួយខ្នង និងបើកគណនីសន្សំប្រាក់បានតិចតួចនៅក្នុងធនាគារ។
ពួកគេក៏អាចផ្ញើប្រាក់ទៅម្តាយក្មេករបស់នាងនៅឯភូមិផងដែរ។
ខណៈពេលដែលវិស័យឧស្សាហកម្មកាត់ដេររបស់បង់ក្លាដែសបានកើនឡើងក្នុង អំឡុងពេល១៥ឆ្នាំកន្លងទៅនេះមានស្ត្រីជាច្រើនដែលចាកចេញពីភូមិ មកទីក្រុង Dhaka ដើម្បីស្វែងរកការងារធ្វើដូចជា Runaនេះ មានចំនួនច្រើនជាប្រចាំ។ ៨០%នៃកម្លាំងពលកម្មរបស់ឧស្សាហកម្មកាត់ដេរនេះ គឺជាស្ត្រីដែលពួកគេភាគច្រើនមានអាយុពី ១៨ ដល់ ២៥ឆ្នាំ។
ចំពោះស្ត្រីវ័យក្មេងទាំងនេះ វិស័យកាត់ដេរដែលមានការលូតលាស់ គឺជាជម្រើសតែមួយគត់ក្រៅពីការធ្វើស្រែ ការធ្វើជាស្ត្រីបម្រើតាមផ្ទះ ឬនៅតាមទីកន្លែងសំណង់។
Mustafizur Rahman នាយកនៃ មជ្ឈមណ្ឌល Center of Policy Dialogue នៅក្នុងក្រុង Dhaka បានថ្លែងថា វិស័យឧស្សាហកម្មកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ សិទ្ធិអំណាចដល់ស្ត្រីក្នុងសង្គមនិងសេដ្ឋកិច្ច។
«ស្ត្រីទាំងនេះភាគច្រើនជាកម្មករជំនាន់ដំបូង។ ក្មេងស្រីទាំងនេះភាគច្រើនធ្លាប់ធ្វើការងារនៅតាមផ្ទះជាស្ត្រី បម្រើនៅក្នុងផ្ទះអភិជនថ្នាក់កណ្តាលនិងថ្នាក់ខ្ពស់ នៅ ក្នុងតំបន់ក្រុង Dhaka។ ឥឡូវនេះពួកគេធ្វើការក្នុងវិស័យឧស្សាហកម្មដែលផ្តល់ការងារឱ្យពួកគេជាមួយនឹងឯករាជ្យភាព ព្រមទាំងឱកាសដើម្បីរក ប្រាក់ផ្ទាល់ខ្លួននិងរួមចំណែករកប្រាក់ដល់ក្រុមគ្រួសាររបស់ពួកគេ ដូច្នេះពួកគេគឺជាអ្នកមានប្រាក់ចំណូលហើយឥឡូវនេះពួកគេក៏មាន សេរីភាពដែរ»។
ជាអកុសលការផ្តល់សិទ្ធិអំណាចគឺគ្រាន់តែជាទិដ្ឋភាពមួយនៃ ឧស្សាហកម្មនេះ ដែលឥឡូវនេះជាប់ចំណាប់លេខពីរ ធំបំផុតនៅក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន។ ទិដ្ឋភាពមួយទៀតគឺជាការកេងប្រវ័ញ្ច។
រឿងអាស្រូវនៃវិស័យកាត់ដេរត្រូវបានលាតត្រដាងយ៉ាងទូលំទូលាយនៅ ក្នុងប៉ុន្មានខែកន្លងទៅដោយសាតែគ្រោះថ្នាក់ធំៗទាំងពីរនៃឧស្សាហកម្ម នេះ។ នៅក្នុងខែមេសាឆ្នាំនេះ អគារប្រាំបីជាន់ដែលមានរោងចក្រកាត់ដេរជាច្រើននៅទីនោះបានបាក់ ហើយសម្លាប់ កម្មករជាង ១.១០០នាក់។ រីឯនៅខែវិច្ឆិកាវិញមានមនុស្សជាង១០០នាក់បានស្លាប់នៅក្នុង ហេតុការណ៍ភ្លើងឆាបឆេះកំទេច រោងចក្រកាត់ដេរសម្លៀកបំពាក់មួយផ្សេងទៀត។
នៅប្រទេសបង់ក្លាដេសមានមនុស្សជាច្រើន សង្ឃឹមថា សោកនាដកម្ម ទាំងនេះនឹងអាចដោះ ស្រាយបញ្ហាដែលទាក់ទងទៅនឹងសិទ្ធិរបស់កម្មករ រួមទាំងការដំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន។
នាង Rushidan Islam Rahman ជានាយកស្រាវជ្រាវនៅវិទ្យាស្ថាន Development Studies នៃបង់ក្លាដែសនៅក្នុងក្រុង Dhaka។
នាងពន្យល់ថា៖ «នៅក្នុងបរិបទនៃ គ្រោះថ្នាក់ឧស្សាហ៍កម្មថ្មីៗនេះ អ្វីដែលត្រូវផ្សព្វផ្សាយជាសាធារណៈច្រើនគឺទាក់ទងទៅនឹងបរិស្ថាន ការងារដែលគ្មានសុវត្ថិភាព។ តែនៅពេលដូចគ្នានេះដែរ ខ្ញុំនឹងបង្ហាញពីបញ្ហាផ្សេងទៀត។ ស្ថានភាពនៃការងារសម្រាប់ស្ត្រីហើយប្រាក់ឈ្នួលទាបគួរតែកែលម្អ។ ខ្ញុំបានឮពាក្យបណ្តឹងនៃការមិនទទួលបានប្រាក់ឈ្នួលប្រចាំ សប្តាហ៍ទៀងទាត់។ ពួកគេគួរតែទទួលបានប្រាក់ខែទាន់ពេលវេលា។ ហើយនៅទីនោះគួរតែត្រូវបានបង្កើនប្រាក់ខែជារៀងរាល់ឆ្នាំ»។
វាគឺជាសារមួយដែលពង្រឹងសារមួយទៀតដែលជំរុញឡើងវិញដល់វិស័យ ឧស្សាហកម្មកាត់ដេរនិងរដ្ឋាភិបាលថា៖ ប្រសិនបើគ្មានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងឧស្សាហកម្មនេះទេ ពាណិជ្ជករនៅបស្ចឹមប្រទេសជាច្រើនអាចទាញចេញ និងស្វែងរកទិញពីបណ្តាប្រទេសអាស៊ីផ្សេងទៀតដោយស្ងាត់ៗ។
ម្យ៉ាងទៀតក៏មានការអំពាវនាវឲ្យពាណិជ្ជករនៅបស្ចឹមប្រទេស ដើម្បីធ្វើឱ្យឧស្សាហកម្មនេះមាននិរន្តរភាពនិងធានាបានថា រោងចក្រកាត់ដេរដែលមិនមែនជាប់អន្លុងជ្រៅ ដែលពឹងផ្អែកទាំងស្រុងលើកម្លាំងពលកម្មថោកនោះទេ។
រដ្ឋាភិបាលបានចាត់វិធានការមួយចំនួន។ កម្មករធ្លាប់រងការដាក់កម្រិតយ៉ាងខ្លាំងពីការបង្កើតសហជីពរហូតមក ដល់បច្ចុប្បន្ននេះ ហើយទើបតែឥឡូវនេះទេត្រូវបានអនុញ្ញាតឱ្យបង្កើតជាសហជីពដោយមិន ចាំបាច់មានការអនុញ្ញាតពីម្ចាស់រោងចក្រ។
នេះអាចជារឿងកត្តាចាំបាច់ក្នុងការការពារសិទ្ធិរបស់ពួកគេ។ មេដឹកនាំសហជីពចង្អុលថា ការគំរាមកំហែងនៃការកាត់បន្ថយប្រាក់ខែបានបង្ខំឱ្យបុគ្គលិកជា ច្រើន បន្តធ្វើការនៅក្នុងអាគារ Rana ផ្លាហ្សា បើទោះបីជាគេឃើញថា អគារនោះមានសភាពទ្រុតទ្រោមក៏ដោយ។ បើពេលនោះមានសហជីព ពួកគេអាចបដិសេធមិនគោរពតាមលក្ខខណ័ម្ចាស់រោងចក្រនោះ។
រដ្ឋាភិបាលក៏កំពុងពិចារណាបង្កើនប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យ នេះពីចំនួន ៣៨ដុល្លារក្នុងមួយខែនាពេលបច្ចុប្បន្ននេះដែលចំនួននេះ តិចជាងពាក់កណ្តាលបើធៀបទៅនឹងបណ្តាប្រទេសនៅអាស៊ីផ្សេងៗទៀត។
នាង Rushidan Islam Rahman សង្ឃឹមថា គេនឹងចាត់វិធានការឆាប់ៗទៅដើម្បីការពារអនាគតនៃវិស័យនេះដែលនាង បាននិយាយថា វាបានរួមចំណែកយ៉ាងខ្លាំងនៅក្នុងការផ្លាស់ប្តូរមូលដ្ឋាននៅក្នុង ជីវិតរបស់ស្ត្រី ជាច្រើន។
«នៅពេលដែលស្ត្រីអាចទទួលបានការងារ ហើយរកប្រាក់បានទៀងទាត់ ពួកគេ ចំណាយប្រាក់ចំណូល របស់ខ្លួនមួយភាគធំនៅលើម្ហូបអាហារនិងការអប់រំ របស់កុមារ។ ដូច្នេះស្ថានភាពក្រុមគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង ការរស់នៅដែលទទួលបានម្ហូបអាហារនិង ការអប់រំរបស់កូនៗពួកគេ ជាលទ្ធផល ស្ថានភាពរបស់ពួកគេនៅក្នុងគ្រួសារនិងនៅក្នុងសង្គមមានភាពប្រសើរ ឡើងផងដែរ»។
នេះគឺជាអ្វីដែលស្ត្រីដូចជានាង Runa ចង់បាន គឺបរិស្ថានដែលមានសុវត្ថិភាពដើម្បីធ្វើការក្នុងប្រាក់កម្រៃខ្ពស់ និងធ្វើការដែលមិនហួសពី ១២ម៉ោងក្នុងមួយថ្ងៃ៕
ប្រែសម្រួលដោយ សឹង សុផាត (VOA)