ក្រសួងធនធានទឹកព្រមានពីបាតុភូតធម្មជាតិនៅពាក់កណ្តាល ខែនេះ
Cambodia News
ភ្នំពេញ៖ ក្រសួងធនធានទឹក ព្រមានពីបាតុភូតធម្មជាតិ ដោយសាររងសម្ពាធឥទ្ធិពលដែលនាំឲ្យមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើនលាយឡំជាមួយនិងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបកណ្តាល តំបន់ភ្នំ និងខ្ពង់រាប។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បាតុភូតនេះ នឹងកើតឡើងចាប់ពីថ្ងៃទី១២ដល់១៦ ខែមិថុនា ឆ្នាំ២០១៣នេះ។ ដោយឡែកនៅតំបន់ផ្ទៃសមុទ្រ និងផ្ទៃសមុទ្រកម្ពុជា អាចនឹងមានភ្លៀងធ្លាក់គំហុក លាយឡំនឹងផ្គររន្ទះ ខ្យល់បោកបក់ខ្លាំង ដែលបង្កឲ្យមានរលកខ្ពស់ៗ ចាប់ពី១ម៉ែត្រទៅ២,៥០ម៉ែត្រ។
កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានឲ្យដឹងថា ខ្យល់ព្យុះ និងរន្ទះបាញ់បានកើនឡើង៣ដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីដើមឆ្នាំ២០១២។ លោកថា អាកាសធាតុកម្ពុជាបច្ចុប្បន្ន ផ្ទុយពីការព្យាករទុកមុន ដូច្នេះប្រជាពលរដ្ឋត្រូវបន្សាំខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុ និងតាមដានស្ថានភាពបំរែបំរួលនេះ៕