ចិនបញ្ជូននាវាទៅសេនកាគូ ក្រោយទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន

រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​នាវា​ល្បាត​បី ​គ្រឿង ​ទៅ​ក្នុង​ដែន​ទឹក​​ជាប់​ជម្លោះ​ ជាមួយ​ជប៉ុន នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​ដើម្បី​ជា​ចម្លើយ​​ប្រឆាំង​តប​ទៅ​នឹង​ទស្សនកិច្ច​របស់​លោក​នាយក​ រដ្ឋមន្ត្រី​ជប៉ុន​ ស៊ីនហ្សូ អាបេ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ឆ្មាំ​សមុទ្ទ​ នៅ​​តំបន់​ក្បែរ​​ប្រជុំ​កោះ​សេនកាគូ។

ប្រតិកម្ម​​ដូច​ផ្លេក​បន្ទោរ ! នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នាវា​ចិន​បាន​ចូល​​ដល់​ដែន​ទឹក​ជាប់​ជម្លោះ ក្នុង​ចម្ងាយ​ប្រមាណ​តែ​២២​គ.ម.​ប៉ុណ្ណោះ​ ពី​ប្រជុំ​កោះ​គ្មាន​មនុស្ស​រស់​នៅ​សេនកាគូ ដែល​ស្ថិត​ក្រោម​រដ្ឋាបាល​ជប៉ុន​ តែ​ចិន​ទាមទារ​​យក​ក្រោម​ឈ្មោះ​ថា​ទាវយូ។

ការ​​បញ្ជូន​នាវា​​​បី​គ្រឿង​ទៅ​បញ្ឈរ​​អស់​ពេល​បី​ម៉ោង នៅ​ក្នុង​​​តំបន់​ជាប់​ជម្លោះនេះ ព្រោះ​ចិនពិត​​មិន​អាច​ឈរ​នៅ​ស្ងៀម ​​មើល​ជប៉ុន​គ្រប់គ្រង​​​ដែន​កោះជាប់​ជម្លោះ ​ដោយ​ស្រួលៗ​ឡើយ។ ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅ កោះ​ អ៊ីស្ហ៊ីហ្កាគី ជាប់​ប្រជុំ​កោះ​សេនកាគូ។

បើ​គេ​ជឿ​តាម​ទូរទស្សន៍​ជាតិ​ជប៉ុន នេះ​ជា​លើក​ទី​មួយ​ តាំង​ពី​៤៨​ឆ្នាំ​មក​​ដែល​នាយករដ្ឋមន្ត្រី​ ​ អញ្ជើញ​ទៅ​ដល់​កោះដាច់​ស្រយាល​​អ៊ីស្ហ៊ីហ្កាគី (ស្ថិត​នៅ​ចម្ងាយ​២ពាន់​គីឡូម៉ែត្រ​ ​ពី​រាជធានី​តូក្យូ និង​មិន​ដល់​២០០​គ.ម. ផង​ ​ពី​កោះតៃវ៉ាន់) ដើម្បី​ជួប​សួរ​សុខ​ទុក្ខ​ឆ្មាំ​សមុទ្ទ​ អ្នក​​ល្បាត​ការពារ​ប្រជុំ​កោះ​សេនកាគូ ជាង​សែ​សិប​នាក់។ ជា​ដំណាក់កាល​ឃោសនា​បោះឆ្នោត​ព្រឹទ្ធ​សភាផង លោក​នាយក​រដ្ឋមន្ត្រីស៊ីនហ្សូ អាបេ ដែល​ល្បី​ថា​ជា​អ្នក​ជាតិ​និយមជប៉ុន​​ បំផុត​នេះ បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត បន្តនយោបាយ​​ការពារ​និង​ថែរក្សា​ដែនដី ដែន​​ទឹក​ ដែន​អាកាស​ ថា​ប្រជុំកោះ​សេនកាគូ​ គឺ​ជា​ដែន​អធិបតេយ្យ​ពិតៗ​របស់​ជប៉ុន ទាំង​ក្នុង​ប្រវត្តិសាស្ត្រ​ និង​ទាំង​តាម​​ច្បាប់​អន្តរជាតិ។

តាំង​ពី​រដ្ឋាភិបាល​ជប៉ុនបាន​ទិញ​កោះ​បី​ក្នុង​ចំណោម​កោះ​ទាំង​៥​នៃ​ប្រជុំ​ កោះសេនកាគូ​ មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ នៅ​ខែ​កញ្ញា​ឆ្នាំ​២០១២​មក ​ទំនាក់ទំនង​ចិន​និង​ជប៉ុន បាន​ធ្លាក់​ចុះ​​ស្ទើរ​ដល់​បាត។ ចិន​តែង​បញ្ជូន​នាវា​ល្បាត​ ជា​ញឹកញាប់ និង​ម្តង​ម្កាល​ជា​យន្តហោះ​ទៅ​កាន់​ដែន​ទឹក​ជាប់​ជម្លោះ​​​ ដើម្បី​​សម្តែង​ការ​ប្រឆាំង។ ឯ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​បាន​ព្រមាន​ប្រើ​កម្លាំង​យោធា​ផង​ ប្រសិន​បើ​ចិនជ្រុល​រំលង​គំនូស​ព្រំដែន និង​មិន​ទាន់​​បាន​ជួប​ពិភាក្សាទ្វេភាគី​​អ្វី​ជា​មួយ​សមភាគី​ចិនសោះ តាំង​ពី​បាន​ទទួល​តំណែង​មក៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close