ច្បាប់យន្តការនៃប្រព័ន្ធរដ្ឋបាលមានសារៈសំខាន់សម្រាប់មន្ត្រីទំនាក់ទំនងសាធារណៈ
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ការងារសារព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលរាជធានី/ខេត្ត គឺមាន សារៈសំខាន់សម្រាប់មន្ត្រីទំនាក់ទំនងសាធារណៈក្នុងការសរសេរ ការដឹងឮ ការយល់ពីសភាពការណ៍ដែលបានកើតឡើង ហើយជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
លោករដ្ឋមន្ត្រីលើកឡើងបែកនេះ នៅក្នុងឧិកាសបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីការធ្វើឲ្យប្រសើរឡើងនូវការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់ រដ្ឋបាលរាជធានី/ខេត្ត នៅព្រឹកថ្ងៃទី១៨ មេសា ២០១២ នៅសណ្ឋាគារសាន់វ៉េ រៀបចំឡើងដោយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន សហការជាមួយមូលនិធិខុនរ៉ាដ ។
ប្រការនេះមន្ត្រីទំនាក់ទំនងសាធារណៈត្រូវយល់ដឹងពីច្បាប់ យន្តការនៃប្រព័ន្ធរដ្ឋបាល គឺជាប្រការសំខាន់ព្រោះថារាល់ព័ត៌មាន និងបញ្ហា ដែលកើតមានឡើងក្នុងខេត្ត គឺមន្ត្រីព័ត៌មានជាអ្នកឆ្លើយច្រើនជាងគេ និងពន្យល់ដល់ប្រជាជនបានដឹង បានយល់ឲ្យបានឆាប់រហ័ស ដោយមិនត្រូវលាក់បាំងព័ត៌មាននោះឡើយ ដែលអាចនាំឲ្យកើតមានបញ្ហាធំ។
ហេតុនេះហើយមន្ត្រីព័ត៌មាន គឺមានតួនាទីក្នុងការពន្យល់ប្រជាជនឲ្យបានដឹង ដែលជាប្រការទាក់ទាញយកនូវអំណាចទន់បានតាមរយៈការផ្តល់ព័ត៌មានការ ផ្តល់សេវាបានល្អ និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
លោក Dinis Schrey តំណាងប្រចាំប្រទេសកម្ពុជានៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែ បានឲ្យដឹងវគ្គបណ្តុះបណ្តាលនេះ គឺមានសារៈសំខាន់ដល់អ្នកនាំពាក្យ មន្ត្រីទំនាក់ទំនងសាធារណៈ និងមន្ត្រីព័ត៌មាន រាជធានី/ខេត្ត ចូលរួមរៀនសូត្រអនុវត្តន៍ជាក់ស្តែងលើការងារទំនាក់ទំនងសាធារណៈ ព្រោះតួនាទីរបស់រដ្ឋបាលមូលដ្ឋានមានសារៈសំខាន់ក្នុងការអនុវត្តន៍ ទ្រឹស្តីការងារឲ្យកាន់តែមានតម្លាភាព៕