សេតវិមានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងលោកបារ៉ាក់ អូបាម៉ា និងលោកស៊ី ជីនពីង
នៅថ្ងៃអង្គារ ទី២៨ ឧសភាម្សិលមិញ សេតវិមានបានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោក ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និងលោកប្រធានាធិបតីចិនស៊ី ជីនពីង។ ការគូសបញ្ជាក់របស់សេតវិមាននេះបានធ្វើឡើង នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក Tom Donilon ទីប្រឹក្សាសន្តិសុខជាតិរបស់លោកអូបាម៉ាក្នុងប្រទេសចិន។ មួយវិញទៀត ទស្សនកិច្ចរបស់លោក Donilon ក្នុងប្រទេសចិន គឺដើម្បីរៀបចំជំនួបកំពូលរវាងលោកអូបាម៉ា និងលោកស៊ីជីនពីងនៅដើមខែមិថុនាខាងមុខ។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក Tom Donilon ក្នុងទីក្រុងប៉េកំាង ប្រទេសចិន លោក Donilon បានជួបសន្ទនាជាមួយលោកប្រធានាធិបតីចិនស៊ី ជីនពីង ព្រមទំាងថ្នាក់ដឹកនំាជាន់ខ្ពស់ចិនសំខាន់ៗមួយចំនួនទៀត មានទំាងផ្នែកស៊ីវិល និងយោធា។ អ្វីជាការកត់សម្គាល់ ទស្សនកិច្ចរបស់ទីប្រឹក្សាសន្តិសុខជាតិប្រធានាធិបតីអាមេរិកក្នុងប្រទេស ចិនបានធ្វើឡើង មួយសប្តាហ៍មុននឹងមានជំនួបកំពូលរវាងលោកបារ៉ាក់ អូបាម៉ា និងលោកស៊ី ជីនពីងនៅថ្ងៃទី៧ និងទី៨ មិថុនាខាងមុខក្នុងរដ្ឋ Californie សហរដ្ឋអាមេរិក។
នៅក្រោយបញ្ចប់ទស្សនកិច្ចក្នុងប្រទេសចិន លោក Tom Donilon បានបញ្ជាក់ថា ជំនួបកំពូលរវាងលោកប្រធានាធិបតីអាមេរិក និងលោកប្រធានាធិបតីចិននៅថ្ងៃខាងមុខ គឺជាឱកាសតែមួយគត់ដែលនឹងអនុញ្ញាតឲ្យឥស្សរជនកំពូលទំាងពីរអាច និយាយគ្នាត្រង់ទៅ ត្រង់មក និងយ៉ាងស៊ីជម្រៅស្តីពីទំនាក់ទំនងរវាងគ្នា ព្រមទំាងសំណុំរឿងប្រឈមមួយចំនួននៅក្នុងតំបន់ និងក្នុងពិភពលោក។
នៅក្នុងសំណុំរឿងសំខាន់ៗដែលលោក Tom Donilon បានលើកឡើងជាមួយថ្នាក់ដឹកនំាចិន និងដែលប្រទេសមហាអំណាចទំាងពីរនៅបន្តនិយាយមិនចុះសម្រុងគ្នានោះ រួមមាន សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង បញ្ហាសន្តិសុខព័ត៌មានវិទ្យា ការប្រែប្រួលអាកាសធាតុក្នុងពិភពលោក ឬមួយក៏ស្ថិរភាពនៅក្នុងទ្វីបអាស៊ីជាដើម។ បន្ថែមលើនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានា ធិបតីអាមេរិកក៏បានលើកឡើងពី សំណុំរឿងសេដ្ឋកិច្ច និងពីសារៈសំខាន់ក្នុងការបន្តកិច្ចសន្ទនាជុំវិញបញ្ហាសិទ្ធិមនុស្ស។
នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោកប្រធានាធិបតីចិនស៊ី ជីនពីងបានបញ្ចាក់ប្រាប់ទៅលោក Tom Donilon វិញថា ទំនាក់ទំនងរវាងអាមេរិក និងចិន គឺជាទំនាក់ទំនងមួយចំាបាច់ និងសំខាន់ខ្លំាងណាស់។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនំានៃប្រទេសទំាងពីរ ក៏ដូចជាក្រុមអ្នកឯកទេសមួយចំនួនបានយល់ឃើញថា កិច្ចសន្ទនាដំបូងរវាងលោកប្រធានាធិបតីចិនស៊ី ជីនពីង និងលោក Tom Donilon ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីអាមេរិកអូបាម៉ាពេលនេះ គឺជាជំហាននៃការស្ទាបស្ទង់ ស្វែងយល់ចិត្តគ្នា និងចង់ដឹងខ្លះៗអំពីជំហរម្នាក់ៗនៅក្នុងទំនាក់ទំនងថ្មីរវាងគ្នា។ ទំនាក់ទំនងជាមួយលោកប្រធានាធិបតីចិនស៊ី ជីនពីងដែលខាងភាគីអាមេរិកំាងសង្ឃឹមថា នឹងប្រហែលជាមិនសូវតានតឹងដូចជំនាន់លោកប្រធានាធិបតីចិន Hu Jintao ទេ៕ដោយ គួច គន្ធារ៉ា (RFI)