ព្យុះ​មហាសែន​វាយបក់​ឆ្នេរ​បងក្លាដែស នៅពេល​ភូមា​កំពុង​ចាប់​ជម្លៀស​ប្រជាជន

ខ្យល់ព្យុះមហាសែន​បាន​បោកបក់​ទៅលើ​ប្រទេស ​បង់ក្លាដែស នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១៦ ឧសភា ដោយចាប់ផ្តើម​ដំបូងពីឆ្នេរសមុទ្រដែល​ស្ថិតនៅភាគខាងត្បូង​ប្រទេស។ តាមអាជ្ញាធរ​បង់ក្លាដែស មានមនុស្ស​៤​នាក់​រងគ្រោះស្លាប់​ នៅក្នុង​គ្រោះ ខ្យល់ព្យុះ លើកនេះ។ បន្ទាប់​ពី​បង់ក្លាដែស ខ្យល់ព្យុះ​មហាសែន Mahasen។

យោងតាមអាជ្ញាធរ​បង់ក្លាដែស កម្លាំងខ្យល់ព្យុះ​បានចុះខ្សោយ នៅពេល​បោកបក់​មក​ដល់​ដីគោក គឺ​បក់​ក្នុងល្បឿន ១០០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។ ទំហំ​ខូចខាត ជាពិសេស​ការបាត់បង់​ជីវិត​មិន​សូវ​ធ្ងន់ធ្ងរ ដោយសារ រដ្ឋាភិបាល​បាន​ជម្លៀស​ ប្រជាជនជាង ៩សែននាក់ ចេញ​ពី​តំបន់​ដែល​ខ្យល់ព្យុះត្រូវឆ្លងកាត់។ ប៉ុន្តែ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​បង់ក្លាដែស នៅតែ​ប្រកាស​អាសន្ន​​កម្រិតខ្ពស់ គឺ​លេខ ៧ សម្រាប់តំបន់​ទំនាប​មួយ​ចំនួន។

នៅថ្ងៃនេះ ដោយសារ​តែ​ខ្យល់ព្យុះ​មហាសែន កំពង់ផែ ដ៏រវល់​ជាងគេ​របស់​បង់ក្លាដែស និង​រមណីយដ្ឋាន​ទេសចរណ៍​ ក្នុង​ខេត្ត​Chittagong ត្រូវ​បន្ត​បិទទ្វារ ចំណែក សាលារៀន និង​សណ្ឋាគារ​មួយចំនួន​ត្រូវបាន​ប្រែក្លាយជា​ជំរកទទួលជនភៀសខ្លួន។

ងាកទៅមើល​ប្រទេស​ភូមាវិញ ដែលនឹងត្រូវ​ទទួលរងបោកបក់​របស់ព្យុះមហាសែន អាជ្ញាធរ​កំពុងប្រញឹកដៃជើង​ដើម្បី​ជម្លៀសប្រជាជន​ចេញពីរដ្ឋ​រ៉ាគីន ដែល​ខ្យល់ព្យុះ​ត្រូវ​ឆ្លងកាត់។ ប៉ុន្តែ អ្វីជា​បញ្ហា​ប្រឈម​ខ្លាំង គឺ​ក្នុង​ចំណោមប្រជាជន​ដែល​ត្រូវ​ជម្លៀសចេញ ប្រមាណ ជាង​១សែន ៦ម៉ឺននាក់នោះ មាន​ប្រជាជន​រ៉ូហ៊ីងហ្គាដល់​ទៅ​ជាង ១សែន ៤ម៉ឺននាក់​រួច​ទៅហើយ។ ប្រជាជន​​រ៉ូហីងហ្គា​ដែល​បាន​ភៀសខ្លួន​ម្តងហើយ ដោយសារ​តែ​អំពើហិង្សា ក្នុង​ជម្លោះ​សាសនា​ជាមួយ​ជនជាតិ​ភូមា កាន់សាសនាព្រះពុទ្ធ ​ពេលនេះ​កំពុងរស់នៅក្នុង​ជំរំភៀសខ្លួន​ក្នុង​​រដ្ឋ​រ៉ាគីន។ ពួកគេ​បាន​តវ៉ា​មិន​ចង់​ចាកចេញពីជំរំទៅតាមការអំពាវនាវ​របស់​រដ្ឋាភិបាល​ភូមា ​ទេ។ ពួកគេបារម្ភ​ខ្លាចក្រែងថា រដ្ឋាភិបាល​ភូមា​នឹង​ជម្លៀស​ពួកគេទៅឆ្ងាយ នឹងមិនអាចត្រលប់​មកទឹកដីកំណើតរបស់ពួកគេវិញ។

គួររំលឹកថា ចាប់តាំងពីមាន​អំពើហិង្សាក្នុង​ជម្លោះសាសនា​ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​​ស្លាប់​ជាង​២០០ កាលពីឆ្នាំ ២០១២ ​​ ជនជាតិរ៉ូហ៊ីងហ្គា​បានត្រូវ​គេ​​ប្រមូល​ឲ្យ​រស់នៅក្នុង​ជំរំក្នុង​ រដ្ឋរ៉ាគីន ដោយមិនដឹង​ពីអនាគត​របស់ពួកគេ​នឹងក្លាយជាយ៉ាងណា។ ប៉ុន្តែ ​រដ្ឋាភិបាល​ភូមា​ធ្លាប់​បាន​បញ្ជាក់ហើយថា ជនជាតិ​រ៉ូហីងហ្គា​ទាំងនោះ​ជា​ជន​អន្តោប្រវេសន៍ ដែល​មក​រស់នៅ ខុសច្បាប់​ក្នុង​ទឹកដីភូមា៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close