កម្លាំងសមត្ថកិច្ចចម្រុះកំពុងចុះប្រតិបត្តិការរុករក និងជួយសង្រ្គោះជនរងគ្រោះ នៅក្នុងគំនរប្លង់សេអគារ រោងចក្រ «វីងស្តាស៊ូ»
Cambodia News
កំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កម្លាំងកងអង្គរក្ស សមត្ថកិច្ចចម្រុះ ទាំងនគរបាល និងកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរជាច្រើនរយ នាក់ កំពុងចុះប្រតិបត្តិការរុករក និងជួយសង្រ្គោះជនរងគ្រោះ នៅក្នុងគំនរប្លង់សេអគារ រោងចក្រ «វីងស្តាស៊ូ» ដែលបានបាក់កាលពីព្រឹកមិញនោះ។
ក្រៅពីកម្លាំងកងអង្គរក្ស សមត្ថកិច្ច និងអាជ្ញាធរ នោះ គេនៅសង្កេតឃើញមានរថយន្តសង្រ្គោះ រថយន្តដឹកជញ្ជូនជនរងគ្រោះជាច្រើនគ្រឿងទៀត បានប្រចាំការនៅ កន្លែងកើតហេតុដើម្បីជួយដឹកជញ្ជូនជនរងគ្រោះ។
តែទោះជាយ៉ាងរហូតដល់វេលាម៉ោង ១០ និង២៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣នេះ សមត្ថកិច្ចបានរកឃើញសពកម្មករ២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ រួមជាមួយអ្នករងរបួសធ្ងន់ស្រាលមួយចំនួនទៀត នៅក្នុងគំនរប្លង់សេ អគារ។
រហូតដល់វេលាម៉ោង ១០ និង៣៦នាទី កម្លាំងសមត្ថកិច្ចចម្រុះ រួមនិងរថយន្តអេស្កាវ៉ាទ័រ កំពុងកាយ និងបន្តរុករកកម្មករ កម្មការិនីរងគ្រោះបន្ថែមទៀត ហើយក៏មិនទាន់ដឹងថា ជនរងគ្រោះមានប៉ុន្មាននាក់នោះទេ៕