គណបក្ស​​សង្គ្រោះ​ជាតិ​​កំពុង​​ពិចារ​ណា​​បេក្ខ​ភាព​​លោក​​ សម​​ រង្ស៊ី​​

Cambodia News

ភ្នំ​ពេញ​៖ អ្នកនាំពាក្យ​គណបក្ស​នេះ លោក​យ៉ែម ប៉ុញ្ញឬទ្ធិ​ បាន​ប្រាប់អោយដឹងថា គណបក្ស​លោក​កំពុង​ពិចារណា​ថា ត្រូវ​ដាក់ ឬមិនត្រូវ​ដាក់​​បេក្ខភាព​លោក​ សម រង្ស៊ី​ ចូល​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​ ។

Camតាម​ការ​អះអាង​របស់​លោក​យ៉ែម ប៉ុញ្ញឬទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មូលហេតុ​មួយ​នៃ​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​បញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​នេះ ​នៅ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតនោះ គឺ​ការ​ពិចារណា​របស់​គណបក្ស​លើ​លទ្ធភាព​នៃ​ការ​ដាក់​បេក្ខភាព​លោក ​សម រង្ស៊ី​ ។

​​អ្នកនាំពាក្យ​រូប​នេះ​បន្តថា ប្រសិនបើ​គណបក្ស​សម្រេច​ថា​នឹង​ដាក់បេក្ខភាព​លោក​សម រង្ស៊ី​ មែន​នោះ លោក​សម រង្ស៊ី ​នឹង​ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀង​ទី​មួយ​ នៅ​មណ្ឌលខេត្ត​កណ្តាល ខុសពីការ​បោះឆ្នោត​មុនៗ​ដែល​លោក​សម រង្ស៊ី​ បាន​ឈរ​នៅ​មណ្ឌល​កំពង់ចាម។

ដោយធ្វើអត្ថាធិប្បាយ ​យោងទៅលើបេក្ខភាព​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ឈ​រ​ឈ្មោះ​នៅ​មណ្ឌល​កណ្តាលនោះ លោកយ៉ែម ប៉ុញ្ញឬទ្ធិ ពន្យល់ថា​ លោក​សម រង្ស៊ី ​ត្រូវឈរ​​ឈ្មោះ​នៅ​មណ្ឌល​ណាដែល​មាន​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដូចគ្នា។

ចំ​ពោះ​បញ្ហាចុះ​ឈ្មោះ​គណបក្សសង្គ្រោះជាតិ​ និង​បញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ គេ​នៅ​តែ​មិន​ទាន់​ដឹងថា តើ​គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​ដាក់​សំណើ​សុំ​ចុះ​ឈ្មោះ​ទៅ​គ.ជ.ប. នៅ​ពេល​ណា​នៅឡើយ​ទេ។

គួរ​រម្លឹក​ថា ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​៥​ដែល​បាន​ស្នើ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​នោះ រហូតដល់​ពេលនេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​៣​ហើយដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ប្រកាស​ទទួលស្គាល់​ជាផ្លូវ​ការ និ​ងអនុញ្ញាត​អោយ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ៕

Related Articles

Back to top button
Close
Close