ស៊ូ ភិរិន្ទ អតីតចៅហ្វាយខេត្តសៀមរាបត្រូវបានគេខឹងនិងជេររឿងបូរីរដ្ឋបាលខេត្ត
ភ្នំពេញ (២ ឧសភា ២០១៣)៖ លោក ស៊ូ ភិរិន្ទ អតីតអភិបាលខេត្តសៀមរាបដែលបានបញ្ចប់តួនាទីនៅថ្ងៃទី២៩ មេសា នេះត្រូវបានគេមើលឃើញថា បើទោះជាលោកសាងស្នាដៃល្អខ្លះនៅក្នុងដំណែងជាអភិបាលបានប្រហែល ៧ ឆ្នាំមក លោកក៏បានធ្វើឲ្យមន្រ្តីរាជការខេត្តខឹងសម្បារមិនតិចទេ ហើយជេរពីក្រោយខ្នងរឿងបង្កើតបូរីរដ្ឋបាលខេត្តនៅឯនាយទីក្រុងសៀមរាប។
មន្រ្តីរាជការសាលាខេត្ត និងមន្រ្តីរាជការរបស់មន្ទីរនានាចំណុះក្រសួងផ្សេងៗបានខឹងនឹងលោក ស៊ូ ភិរិន្ទ ចំពោះចម្ងាយផ្លូវទៅធ្វើការដ៏ឆ្ងាយនេះ គឺជាង ១០ គីឡូ។ នៅក្នុងមន្ទីរខ្លះស្ងាត់ ដោយមន្រ្តីរាជការមិនមកធ្វើការ ហើយមន្រ្តីខ្លះវេចត្រាជាប់ខ្លួនយកទៅបោះត្រានៅហាងកាហ្វេ ឬនៅផ្ទះរបស់ខ្លួន ព្រោះមិនមានលុយចាក់សាំងឡាន និងម៉ូតូមកការិយាល័យរបស់ខ្លួន។ ចំណែកឯពិធី និងកិច្ចប្រជុំរបស់មន្រ្តីរាជការសាលាខេត្តខ្លះ ក៏បានខ្ចីអគាររបស់សាលាក្រុងសៀមរាបធ្វើទៅវិញ ព្រោះនៅចំកណ្តាលក្រុង។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានគេបង្ហើបឲ្យដឹងថា លោក ស៊ូ ភិរិន្ទ មិនមានថ្លើមពាសមេឃសម្រេចផ្លាស់ប្តូរមន្ទីរទាំងអស់និងសាលាខេត្តតែម្នាក់ឯងទេ។ មន្រ្តីខេត្តផ្សេងៗទៀត ពិសេសខេត្តដែលមានដីឡើងថ្លៃ កំពុងព្រួយបារម្ភ ខ្លាចចៅហ្វាយខេត្តរបស់ខ្លួនយកគំរូតាមបូរីរដ្ឋបាលខេត្តសៀមរាបដែលមានចម្ងាយផ្លូវដ៏ឆ្ងាយនោះ។
លោក ឃឹម ប៊ុនសុង ដែលបានឡើងកាន់ដំណែងថ្មី បាននិយាយថា លោកនឹងខិតខំឱ្យអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបំពេញការងារឱ្យបានទទួលជោគជ័យជូនជាតិមាតុភូមិ និងប្រជាជនប្រកបដោយការទទួលខុសត្រូវខ្ពស់។ ខិតខំរក្សាឱ្យបាននូវអព្យាក្រឹតភាពការងាររដ្ឋបាល សំដៅលើកកម្ពស់គុណភាពសេវាជូនប្រជាជនឱ្យកាន់តែល្អប្រសើរ។ លោក ឃឹម ប៊ុនសុង គឺជាឧត្តមសេនីយ៍ទោមានស្រុកកំណើតនៅឃុំកំពង់ក្ដី ស្រុកជីក្រែង ចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រភាគខាងកើតពីទីក្រុងសៀមរាប។ លោកជានាយទាហានជាង ២០ឆ្នាំក្នុងខេត្តនេះ ដូចនេះលោកអាចស្គាល់ភូមិសាស្ត្រជាច្រើននៅក្នុងខេត្ត។
មានគេរាយការណ៍ថា លោក ឃឹម ប៊ុនសុង ទំនងជាមិនសូវសប្បាយចិត្តដែរពីរឿងការិយាល័យនៅឆ្ងាយបែបនេះ ព្រោះលោកក៏បារម្ភពីសុខទុករបស់មន្រ្តីក្រោមឱវ៉ាទដែរ ខណៈដែលសាំងឡើងថ្លៃ។ ខេត្តសៀមរាបចាខេត្តដំបូងគេ ដែលបានលើកយកមន្ទីរនានារបស់ខេត្តមកដាក់ជុំគ្នាក្នុងបូរីរដ្ឋបាលខេត្ត ហើយដែលមានចម្ងាយឆ្ងាយពីផ្ទះសម្បែងរបស់មន្រ្តីរាជការ៕