ក្រុមអ្នកសារព័ត៌មាននិងក្រុមអង្គការសិទ្ធិមនុស្ស នៅបូរុនឌី ប្រឆាំងនឹងច្បាប់សារព័ត៌មានថ្មី
ក្រុមអ្នកកាសែតនៅក្នុងប្រទេស បូរុនឌី (Burundi) កំពុងប្រឆាំងនឹងច្បាប់ថ្មីមួយ ដែលពួកគេនិយាយថានឹងរំលោភទៅលើសេរីភាពសារព័ត៌មាន។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំនៅអាហ្រ្វិកខាងកើត ហ្គាបេ ចូសឡូ (Gabe Joselow) រាយការណ៍មកថា ក្រុមអង្គការសិទ្ធិមនុស្ស កំពុងបញ្ចុះបញ្ចូលលោកប្រធានាធិបតី ឱ្យ បដិសេធសេចក្តីព្រាងច្បាប់នេះ។
កាលពី សប្តាហ៍មុន ព្រឹទ្ធសភារបស់ប្រទេស បូរុនឌី បានអនុម័តលើសេចក្តីព្រាងច្បាប់សារព័ត៌មានថ្មីមួយ ដែលនឹងបង្ខំអ្នកកាសែត ឱ្យបង្ហាញអំពីប្រភព និងហាមឃាត់សារព័ត៌មាន មិនឱ្យរាយ ការណ៍លើប្រធានបទទាំងឡាយ ដែលត្រូវបានចាត់ទុកថាមានលក្ខណៈរសើបខ្លាំង ដែលរួមបញ្ចូលទាំងបញ្ហាសន្តិសុខសាធារណៈ ការការពារជាតិ និងសេដ្ឋកិច្ចជាដើម។
ស្ថាប័នសារព័ត៌មានទាំងឡាយណា ដែលអនុវត្តហួសពីព្រំដែនកំណត់នេះ អាចប្រឈមមុខនឹងការផាក ពិន័យរាប់ពាន់ដុល្លា។
លោក បប់ រុហ្គុរីកា (Bob Rugurika) និពន្ធនាយកនៃវិទ្យុសាធារណៈអាហ្រ្វិក (Radio Publique Africaine) ឬហៅកាត់ថា RPA នៅបូរុនឌី និយាយថា ការដាក់កំហិតនេះ មិនអាចទទួលយកបានទេ។
លោក និយាយថា មានការដាក់កំហិតជាច្រើន។ ចូរ! ស្រមៃទៅមើល ថា ច្បាប់ហាមឃាត់យើងមិនឱ្យ រាយការណ៍អំពីព័ត៌មានទាំងឡាយ ស្តីអំពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច រូបិយវត្ថុ។
ក្រុម អង្គការសិទ្ធិមនុស្ស ដែលរួមទាំងគណៈកម្មការដើម្បីការពារអ្នកសែត (Committee to Protect Journalists) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានជំរុញឱ្យលោកប្រធានាធិបតី ព្យែរ៍ អ៊ិនគុរុនហ្សីហ្សា (Pierre Nkurunziza) បដិសេធច្បាប់ថ្មីនេះ ដែលពួកគេនិយាយថាបានបំផ្លាញដល់សេរីភាពសារព័ត៌មាន។
សេចក្តី ព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសម្លេងភាគច្រើនលើសលុប ទាំងនៅក្នុងរដ្ឋ សភាជាតិ និងព្រឹទ្ធសភា ដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់គណបក្សកាន់អំណាច ចាប់តាំងពីគណបក្សប្រឆាំង បានធ្វើពហិការមិនចូលរួមនៅក្នុងការបោះឆ្នោតចុងក្រោយ បង្អស់ កាលពីឆ្នាំ២០១០។ ក្រុមអ្នកតាក់តែងច្បាប់ បាននិយាយថា សេចក្តីព្រាងច្បាប់នេះនឹងការពារប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំរបស់ ប្រទេសនេះ។
នាយក នៃសារព័ត៌មាន RPA ដែលមាននិន្នាការទៅរកអតីតគណបក្សប្រឆាំង បានចាប់ផ្តើមរៀបចំញត្តិមួយ ដែលជំរុញឱ្យសហគមអន្តរជាតិ ដាក់សម្ពាធបន្ថែមទៀតទៅលើរដ្ឋាភិបាល។
លោក រុហ្គុរីកា និយាយថា ពួកគេកំពុងព្យាយាម«ធ្វើឱ្យពិភពលោកបានដឹង»។
លោកនិយាយថា លោកនាយកសារព័ត៌មាន បានផ្ញើញត្តិទៅកាន់ព្រឹទ្ធសមាជិកនិងអ្នកនយោ បាយអាមេរិកាំង ពីព្រោះអ្នកទាំងនោះគឺជាដៃគូរបស់រដ្ឋាភិបាលរបស់យើង។ ពួកគេអាចជួយយើង ដើម្បីធ្វើឱ្យរដ្ឋាភិបាលយល់ឃើញថា ពួកគេកំពុងធ្វើដំណើរទៅកាន់ទិសដៅខុសឆ្គងមួយហើយ។
រដ្ឋាភិបាលរបស់ប្រទេស បូរុនឌី មានប្រវត្តិថ្មីៗមួយស្តីពីការបង្ក្រាបយ៉ាងធ្ងន់ធ្ងរទៅលើក្រុមអ្នកកាសែត។
លោក រុហ្គុរីកា ខ្លួនឯងត្រូវបានឃុំឃាំងជាច្រើនដងដោយក្រុមប៉ូលីស នៅក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។ នៅក្នុងឆ្នាំ២០១១ លោកត្រូវបានសួរចម្លើយអស់រយៈពេល១០ម៉ោង បន្ទាប់ពីលោកបានផ្សាយបទសម្ភាសន៍មួយ ដែលបង្ហាញអំពីការជាប់ទាក់ទងរបស់កងកម្លាំងរបស់រដ្ឋ នៅក្នុងអំពើសម្លាប់រង្គាលមួយ ដែលបានសម្លាប់មនុស្សអស់៤០នាក់។ កាលពីខែមីនា អាជ្ញា ធរបានដោះលែង លោក ហាសសាន រុវ៉ាគុគី (Hassan Ruvakuki) ដែលជាអ្នកកាសែតមួយរូប ដែលត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០១១ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម បន្ទាប់ពីលោកបានជួបជាមួយក្រុមឧទ្ទាមនៅក្នុងប្រទេស តង់ហ្សានី (Tanzania)។ លោកនិយាយថា លោកគ្រាន់តែធ្វើកិច្ចការរបស់លោកតែប៉ុណ្ណោះនៅពេលនោះ ហើយការចោទប្រកាន់ត្រូវបានបន្ធូបន្ថយវិញ នៅក្នុងកំឡុងពេលនៃការប្តឹងឧទ្ធររបស់លោក៕
ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)