ចាប់ពលរដ្ឋជិត ៤០នាក់ រុញចូលឡានក្រុងបង្ខំឲ្យទៅខេត្តកោះកុងវិញ
ថ្ងៃទី៣០ មីនា ២០១២នេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌទួលគោគ បានចាប់រុញប្រជាពលរដ្ឋមកពីខេត្តកោះកុងជិត ៤០នាក់ ដែលមានគម្រោងយកញតិ្តទៅឲ្យប្រធានាធិបតីចិន បញ្ចូលទៅក្នុងឡានក្រុង ចេញពីផ្ទះA5 ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដើម្បីបញ្ជូនទៅខេត្តកោះកុងវិញ កុំឲ្យពួកគាត់ដាក់ញត្តិឲ្យប្រធានាធិបតីចិន ក្នុងពេលធ្វើដំណើរមកកាន់កម្ពុជា។
ក្នុងហេតុការណ៍នេះដែរ អាជ្ញាធរខណ្ឌទួលគោកហាមមិនឲ្យអ្នកកាសែតផ្តិតយករូបភាព នៃការបង្ខំពលរដ្ឋឡើងឡាននោះទេ។ ប្រជាពលរដ្ឋទាំងនោះ មកពីខេត្តកោះកុង ចំនួន ២ស្រុក គឺស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ញូញាន ឌីវ័រលបមែន ដែលជាក្រុមហ៊ុនរបស់ចិន។
ចំពោះញត្តិដែលប្រជាពលរដ្ឋគ្រោងដាក់ជូនប្រធានាធិបតីចិន ត្រូវបានអាជ្ញាធររឹបអូសទាំងអស់។ បើទោះបីជាប្រជាពលរដ្ឋមិនព្រមក៏ដោយ ក៏ត្រូវអាជ្ញាធរបង្ខំឲ្យឡើងឡានក្រុង ជំរុញឲ្យទៅខេត្តកោះកុងវិញតែម្តង៕