កម្ពុជា និង ប៊ែលហ្សិកប្រារព្ធទិវាជំងឺគ្រុនចាញ់ពិភពលោក
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ ក្រុម មន្រ្តីកម្ពុជា និងព្រះអង្គម្ចាស់ក្សត្រីយ៍នៃរាជាណាចក្រប៊ែលហ្សិក បានប្រារព្ធរួមគ្នា នូវទិវាជំងឺគ្រុនចាញ់ពិភពលោក ដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋអំពី ជំងឺដ៏កាចសាហាវមួយនេះ។
ព្រះអង្គម្ចាស់ក្សត្រីយ៍ អាស្ទ្រីត អាដូឆេស បានមានព្រះបន្ទូលថា ស្ថាប័នក្រសួង សុខាភិបាលកម្ពុជា និង អង្គការសុខភាពពិភពលោក ជាដៃគូដ៏មានសារៈសំខាន់ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺគ្រុនចាញ់ ។
លោកនាយកមន្រ្តីខ្មែរ ហ៊ុនសែន ក៏បានថ្លែងនៅក្នុងសារលិខិតមួយសម្រាប់ទិវាជំងឺគ្រុនចាញ់នេះផង ដែរថា ជំងឺគ្រុនចាញ់ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈការចំណាយដោយផ្ទាល់ទៅលើការព្យាបាល ការខាតបង់ការងារ និងការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចទៀតផងដែរ។
យោងតាមក្រសួងសុខាភិបាល កម្ពុជា ឱ្យដឹងដែរថា អត្រាប្រេវ៉ាទ្បង់ជំងឺគ្រុនចាញ់ នៅកម្ពុជាបានធ្លាក់ចុះពី៥.២៩នាក់ នៅក្នុងឆ្នាំ២០០០ មកនៅត្រឹម ០.៦៧នាក់ ក្នុងឆ្នាំ២០១១ និងថយចុះ មកត្រឹម ០.៣២នាក់ នៅឆ្នាំ២០១២ ក្នុងចំណោមប្រជាពលរដ្ឋ១០០.០០០នាក់៕